វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់ការអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២២ ធ្វើឡើងដើម្បីពង្រឹង ចំណេះដឹងចំណេះធ្វើនិងបទពិសោធន៍ឲ្យដល់មន្ត្រីទូទាំង ២៥ រាជធានីខេត្ត!
ឯកឧត្តមកិតិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់ការអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២២ ដែលសហការរៀបចំដោយ វិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ , ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ , អង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិ នាទីស្ដីការក្រសួងផែនការ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តការងារអង្កេត កសិកម្មកម្ពុជា ប្រចាំឆ្នាំ ពីសំណាក់ អង្គការស្បៀងនិងកសិកម្ម FAO អង្គការសហប្រជាជាតិ មូលនិធិម៊ីលីដាបៀលហ្គេត ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ សហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍ USAID និងដៃគូអភិវឌ្ឍន៍ដទៃទៀតក្រោមកិច្ចសហប្រតិបត្តិការគាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដោយបានអនុវត្តការងារអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ ២០១៩ ឆ្នាំ ២០២០ និងឆ្នាំ ២០២១ ដែលបានប្រជុំផ្សព្វផ្សាយជូនអ្នកប្រើប្រាស់កាលពេលកន្លងមក ដោយសម្រេចបានលទ្ធផលជោគជ័យ និងទទួលនូវបាននូវទិន្នន័យប្រកបដោយ គុណភាពគួរជាទីទុកចិត្ត និងត្រៀមវិភាគចេញនូវរបាយការណ៍លទ្ធផលនៃទិន្នន័យអង្កេតកសិកម្មកម្ពុជាឆ្នាំ ២០២១ សម្រាប់ផ្សព្វផ្សាយជូនអ្នកប្រើប្រាស់នាពេលខ្លីខាងមុខនេះ ។ ឯកឧត្តម ទេសរដ្ឋមន្ត្រីបានបន្តថា ទោះបីការរាតត្បាតនៃជម្ងឺកូវីដ19 បានធូរស្បើយក៏ដោយ ក៏នៅមានសកម្មភាពការងារមួយចំនួននៅតែពុំទាន់អាចធ្វើបានឲ្យទូលំទូលាយដែលប៉ះពាល់ ដល់ការងារបច្ចេកទេសក្នុងការអនុវត្តការអង្កេតកសិកម្មកម្ពុជាឆ្នាំ ២០២២។ ទោះបីជាយ៉ាងណាយើងនៅតែខំប្រឹងប្រែងទាំងអស់គ្នាដែលបានសហការល្អជាមួយ អង្គការស្បៀងនិងកសិកម្ម FAO និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីអនុវត្តការងារអង្កេតកសិកម្មកម្ពុជាឆ្នាំ ២០២២ និងឆ្នាំបន្តបន្ទាប់ ។ តាមកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់ការអង្កេតកសិកម្មកម្ពុជា ដែលមានអ្នកជំនាញអង្គការ FAO ប្រចាំនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងមន្ត្រីសម្របសម្រួលកម្មវិធី ដែលមានបទពិសោធន៍លើការងារអង្កេតកសិកម្ម និងប្រើប្រាស់កម្មវិធីតាម ម៉ាស៊ីនកុំព្យូទ័រខ្នាតតូចហៅថាម៉ាស៊ីន tablet និងមន្ត្រីសិក្ខាកាមជាគ្រូបង្គោល , មន្ត្រីជំនាញផ្នែកទិន្នន័យស្ថិតិ ពីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលជាក្រសួងសាមីជំនាញវិស័យកសិកម្ម។ ឯកឧត្តម ទេសរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថាសិក្ខាកម្មជាគ្រូបង្គោលទាំងអស់ ដែលបានទទួលការបណ្ដុះបណ្ដាលនូវវគ្គនេះនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សាដើម្បីអាចបង្ហាត់បង្រៀនបន្តក្នុងការផ្ទេរ ចំណេះដឹងចំណេះធ្វើ និងបទពិសោធន៍ឲ្យដល់មន្ត្រីទូទាំង២៥ រាជធានីខេត្ត សម្រាប់ចុះអនុវត្តជាក់ស្ដែង លើការងារសម្ភាសន៍ស្រង់ទិន្នន័យកសិកម្មកម្ពុជា ឲ្យមានប្រសិទ្ធភាពនិងគុណភាពទិន្នន័យកាន់តែល្អប្រសើរឡើង៕