គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា បានរួមចំណែកជំរុញការនាំចេញឧស្សាហកម្មកាត់ដេរកម្ពុជា!

 (ភ្នំពេញ)៖ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅ     កម្ពុជា សម្រាប់ឆ្នាំ ២០២៣-២០២៧ នៅសណ្ឋាគារភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញការនាំចេញក្នុងឧស្សាហកម្ម កាត់ដេររបស់កម្ពុជា ដែលជាផ្នែកមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។ កម្មករនិយោជិត និងនិយោជកនៃរោងចក្រកាត់ដេរ ដែលធ្វើការនាំចេញផលិតផលទៅក្រៅប្រទេសបានទទួលនូវអត្ថប្រយោជន៍ ជាច្រើនអំពីការអនុវត្តគម្រោងនេះ ដោយអាចរក្សាបាននូវការងារ ដែលមានលក្ខខណ្ឌល្អប្រសើរ និងទទួលប្រាក់ចំណេញអាជីវកម្ម តាមរយៈការទទួលបានការបញ្ជាទិញពីអ្នកបញ្ជាទិញអន្តរជាតិ ដែលមានកំណើនជាប្រចាំជាមួយនឹងអនុលោមភាពតាមច្បាប់មានកម្រិតខ្ពស់។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អះអាងថា ដោយសារតែគម្រោងនេះមានបេសកកម្ម និងកម្មវិធីការងារគាំទ្រនូវគោលនយោបាយ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការសំដៅធានាការលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ ទើបបានជាគម្រោងនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម ហើយអាចដំណើរការបានយ៉ាងរលូនក្នុងរយៈពេល ២១ឆ្នាំមកនេះ។ ភាពជោគជ័យ និងការអនុវត្តល្អរបស់គម្រោងនេះនៅកម្ពុជា ត្រូវបានក្លាយជាគម្រូសម្រាប់បណ្តាប្រទេសក្នុងតំបន់តាមរយៈការបង្កើតជា “កម្មវិធីការងារល្អប្រសើរ (Better Work)”។

រដ្ឋមន្ត្រីក្រសួងការងារ បន្តថាសម្រាប់អនុស្សរណៈ នៃការយោគយល់គ្នាថ្មី សម្រាប់ឆ្នាំ២០២៣-២០២៧ នេះជាអនុស្សរណៈលើកទី៨ ដែលនឹងត្រូវចុះហត្ថលេខា បានកែសម្រួលលក្ខខណ្ឌអនុវត្តគម្រោងមួយចំនួន ដោយបន្ថែមរយៈពេលអនុវត្តពី៣ឆ្នាំ ទៅ ៥ឆ្នាំ ដើម្បីធានានូវនិរន្តរភាពរបស់គម្រោង និងនិមិត្តរូបនៃការគោរពលក្ខខណ្ឌការងារ ដែលជាការបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។  ស្របជាមួយគ្នានេះ រាជរដ្ឋាភិបាល  បានដំឡើងបដិភាគហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលចំនួន មួយលាន ដុល្លារអាម៉េរិក ក្នុង១ឆ្នាំ ជាមួយកំណើន ដប់ម៉ឺន ដុល្លារអាម៉េរិក ក្នុង ១ឆ្នាំ សម្រាប់រយៈពេល ៥ឆ្នាំ ដើម្បីធានាប្រសិទ្ធភាពការងារ និងអាចឆ្លើយតបទៅនឹងវិសាលភាពដែលបានដាក់បញ្ចូលវិស័យផលិតផលធ្វើដំណើរ និងកាបូប។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ជូនអំពីសកម្មភាពការងារសំខាន់ៗ សម្រាប់បន្តធ្វើការរួមគ្នាពីឆ្នាំ២០២៣ ដល់២០២៧ នៅក្នុងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាដែលរួមមាន៖

១.បន្តពង្រឹងប្រសិទ្ធភាពក្នុងការធើ្វការងាររួមគ្នាដើម្បីធើ្វឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងវិស័យផលិតផលធ្វើដំណើរនិងកាបូបនៅកម្ពុជា។

២.កំណត់បែបបទការងារក្នុងការចុះវាយតម្លៃលក្ខខណ្ឌការងារក្នុងវិស័យផលិតផលធ្វើដំណើរ និងកាបូប។

៣.ធ្វើការបណ្តុះបណ្តាលរួមគ្នារវាងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា វិទ្យាស្ថានជាតិការងារ (វ.ជ.ក) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI)។

៤.កសាងផែនការសកម្មភាពការងាររួមគ្នារវាង ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងគម្រោងរោងចក្រកាន់តែប្រសើរ ក្នុងគោលបំណងគាំទ្រការលើកកម្ពស់សមត្ថភាព និងភាពជាម្ចាស់របស់កម្ពុជា និង

៥.បន្តជំរុញការសហការជិតស្និទ្ធជាមួយបណ្តាអ្នកបញ្ជាទិញអន្តរជាតិ ក្នុងការបន្តបញ្ជាទិញពីកម្ពុជា និងធានាបានថា ទំនិញដែលទិញពីកម្ពុជាជាទំនិញដែលមានប្រភពស្អាតស្អំដោយគោរពតាមបទដ្ឋានការងារអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង