ការស្នើតែងតាំងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី រដ្ឋសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍នៅថ្ងៃទី១៣ ខាងមុខនេះ!
យោងតាមលិខិតដែលមានចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើទៅកាន់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យប្រធានរដ្ឋសភារៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែម សមាជិករដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការស្នើទៅកាន់ប្រធានរដ្ឋសភាភា្លមៗនេះ ធ្វើឡើងបន្ទាប់ពី សម្តេចតេជោ នាយករដ្ឋមន្ត្រីស្នើទៅព្រះមហាក្សត្រដើម្បីបញ្ឈប់តំណែង ឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម ។
ជាមួយគ្នានេះ រដ្ឋសភាក៏បានបញ្ជាក់ដែរថា ស្ថាប័ននីតិបញ្ញត្តិមួយនេះ នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ខាងមុខនេះ ដើម្បីពិនិត្យលើសំណើរបស់រដ្ឋាភិបាលក្នុងការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភា លើការបំពេញបន្ថែមសមាសភាពសមាជិករដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម។
សូមបញ្ជាក់ថា ឯកឧត្តម ឌិត ទីណា គឺជាបញ្ញវន្តបន្តវេនមួយរូបរបស់គណបក្សប្រជាជនកម្ពុជាដែលធ្លាប់បានទទួលការសិក្សាពីសាលាជាតិជាន់ខ្ពស់ផ្នែករ៉ែ នៅទីក្រុងប៉ារីសប្រទេសបារាំង នឹងត្រូវជាកូនប្រុស ឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល៕