រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ផ្តល់អនុសាសន៍ ៧ចំណុច ដល់សហព័ន្ធស្វាយចន្ទីដែលទើប នឹងប្រសូតឡើង!
ភ្នំពេញ៖ គណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា ដែលដឹកនាំដោយក្រសួងពាណិជ្ជកម្ម បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសហព័ន្ធ និងសន្និបាតកំណើតដំបូង “សហព័ន្ធស្វាយចន្ទីកម្ពុជា” នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ។ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ថូរ៉ា និងឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំនិងតំណាងពីក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធនឹងវិស័យស្វាយចន្ទី សរុបចំនួនប្រមាណ ១១០នាក់។
ឯកឧត្តម ម៉ៅ ថូរ៉ា បានថ្លែងមតិស្វាគមន៍ ព្រមទាំងបានកោតសរសើរចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជា ដែលជាសកម្មភាពអាទិភាពមួយក្នុងចំណោមសកម្មភាពអាទិភាពដែលបានដាក់ចេញ នៅក្នុងសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី។ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងបន្ថែមទៀតថា សហព័ន្ធស្វាយចន្ទីនេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញអនុវត្តគោលនយោបាយឱ្យកាន់ តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុកនិង ពិភពលោក ព្រមទាំង ចូលរួមលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជាលើទីផ្សារអន្តរជាតិបន្ថែមទៀត។ បន្តែមលើសនេះ គណៈកម្មការរៀបចំការបោះឆ្នោតនិងអង្គសន្និបាតទាំងមូល បានពិនិត្យនិងអនុម័តលើសេចក្តីព្រាងលក្ខន្តិកៈនៃសហព័ន្ធ ស្វាយចន្ទីកម្ពុជា មុននឹងបន្តនីតិវិធីបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងសមាជិក នៃក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ដុជា ដោយមានអ្នកចូលរួមបោះឆ្នោតសរុបចំនួន ៤៧នាក់។ ជាលទ្ធផល សន្និបាតកំណើតដំបូងស្វាយចន្ទីកម្ពុជា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា បានប្រព្រឹត្តទៅដោយរលូន ដោយបានជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលសរុបចំនួន ១១នាក់ដែលក្នុងនោះ ទី១ លោក អាន ដារ៉ា ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាល ២. លោក ស៊ុយ កុកធាន ជាអនុប្រធានទី១ និង៣. លោកស្រី មុត ចរិយា ជាអនុប្រធានទី២។
នៅក្នុងឱកាសនៃពិធីបិទសន្និបាតនេះ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានផ្តល់អនុសាសន៍ចំនួន៧ចំណុច ជូនដល់សហព័ន្ធស្វាយចន្ទីដែលទើបនឹងប្រសូតឡើង ដូចខាងក្រោម៖
១. ត្រូវចងចាំថាសហព័ន្ធស្វាយចន្ទីនេះមិនមែនបង្កើតឡើងដើម្បីប្រយោជន៍បុគ្គល ឬប្រយោជន៍របស់ក្រុមណាមួយឡើយ ប៉ុន្តែសហព័ន្ធនេះបង្កើតឡើងដើម្បីបម្រើឱ្យប្រយោជន៍រួមរបស់អ្នកដាំដុះ អ្នកកែច្នៃ និងអ្នកនាំចេញ
២. ត្រូវរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ
៣. ត្រូវគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងគណនេយ្យភាព
៤. អនុវត្តឱ្យបានយ៉ាងខ្ជាប់ខ្ជួននូវចក្ខុវិស័យ គោលដៅ គោលបំណង និងផែនការសកម្មភាពដូចមានចែងនៅក្នុងលក្ខន្តិកៈ និងកិច្ចការងារចាំបាច់ ក៏ដូចជាតម្រូវការជាក់ស្តែងដទៃទៀត
៥. ត្រូវសហការឱ្យបានល្អជាមួយក្រសួងពាណិជ្ជកម្ម និងធ្វើការសម្របសម្រួលសហការជាមួយបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀតផងដែរ
៦. ធ្វើការទំនាក់ទំនងជាមួយអង្គការជាតិនិងអន្តរជាតិ ដើម្បីស្វែងរកជំនួយ ជំនួយបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងការអនុវត្តគម្រោងនានាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធ
៧. គួរពិចារណាបង្កើតជាព្រឹត្តិការណ៍(ទិវាស្វាយចន្ទី) មួយឆ្នាំម្តងដែលធ្វើនៅតាមបណ្តាខេត្តគោលដៅ។
លើសពីនេះទៅទៀត ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានសហការរៀបចំកម្មវិធីខាងលើបានជោគជ័យតាមការគ្រោងទុក ព្រមទាំងសង្ឃឹមថា សហព័ន្ធស្វាយចន្ទីកម្ពុជាដែលត្រូវបានបង្កើតនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញឱ្យវិស័យស្វាយចន្ទីកាន់តែមានសក្តានុពលខ្លាំងក្លា បន្ថែមទៀតក្នុងការជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និងបានផ្តល់នូវប្រយោជន៍ប្រកបដោយបរិយាប័ន្នដល់អ្នកដាំដុះ អ្នកកែច្នៃ និងអ្នកនាំចេញ៕