សម្តេចតេជោនាយករដ្ឋមន្រ្តីស្នើឲ្យក្រសួងអប់រំរៀបចំអោយកុមារដែលជាកូនៗរបស់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើការងារសំណង់ត្រូវចូលសិក្សារៀនសូត្រនៅសាលាក្បែរៗនោះ!
អំឡុងពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតថ្នាក់បញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបប្រមាណ ២ពាន់១១៥ អង្គ-នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ក្នុងឆ្នាំសិក្សាកន្លងទៅ សម្តេចតេជោនាយករដ្ឋមន្រ្តីស្នើឲ្យក្រសួងអប់រំរៀបចំអោយកុមារដែលជាកូនៗរបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើការងារសំណង់ត្រូវចូលសិក្សារៀនសូត្រ នៅសាលាក្បែរៗនោះ ។ លោកស្រី ទេព កូលាប ប្រធានក្រុមប្រឹក្សាភិបាល និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ PPIU បានឱ្យដឹងថា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបប្រមាណ ២,១១៥ អង្គ-នាក់ ក្នុងនោះមានព្រះសង្ឃ ២៩អង្គ និស្សិតពិការចំនួន៣០នាក់ និងនិស្សិតអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ១៤៤នាក់។ គិតមកមកដល់បច្ចុប្បន្ននេះ និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិសរុបចំនួន ៩ពាន់៤៤៤នាក់ មាននិស្សិតកំពុងសិក្សាសរុបចំនួន ១ពាន់៧២៤នាក់ និងមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សរុបចំនួន ៣៤៨នាក់។ ក្រៅពីការបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាហើយនោះ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ក៏បាននិងកំពុងបណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈ លើជំនាញគណនេយ្យ ហិរញ្ញវត្ថុ ទេសចរណ៍ ភាសាអង់គ្លេស និងកុំព្យូទ័រ សរុបចំនួន ៥ពាន់៤៦នាក់ ក្នុងនោះសិស្សបានបញ្ចប់ការសិក្សាចំនួន ៤ពាន់២៩៥នាក់ និងសិស្សកំពុងសិក្សា ចំនួន ៧៥១នាក់។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់និស្សិតជ័យភាព ក៏ដូចជាគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិនូវចំណុចសំខាន់ៗមួយចំនួនថា៖ ការផ្អាកព្រះរាជពិធីបុណ្យអុំទូកមិនមែនដោយសាររាជរដ្ឋាភិបាលអត់លុយទេ តែដោយសារភាពមមាញឹកនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលត្រូវរៀបចំធ្វើក្នុងខែវិច្ឆិកាខាងមុខនេះ។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអោយក្រសួងអប់រំយុវជន និងកីឡា ពិចារណា រៀបចំអោយកុមារដែលជាកូនៗរបស់បងប្អូនប្រជាពលរដ្ឋធ្វើការងារសំណង់ទាំងប្តីទាំងប្រពន្ធ ត្រូវរកសាលារៀនដែលនៅក្បែរៗការដ្ឋានសំណង់នោះអោយកុមារបានទទួលការអប់រំផង។ សម្តេចតេជោក៏បានណែនាំឱ្យក្រសួងការងារ និងក្រសួងអប់រំ គិតគូរឱ្យកុមារតាមឪពុកម្តាយទៅធ្វើការនៅថៃ ទទួលបានការអប់រំផងដែរ។នៅថ្ងៃដែរនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រុមការងារ និងមេធាវីបារាំង ដែលបានប្រឹងប្រែងការពារក្តីក្នុងសំណុំរឿងរបស់សម្តេចប្តឹងទណ្ឌិត សម រង្ស៉ី នៅប្រទេសបារាំង។ សម្តេចតេជោបានមាន ប្រសាសន៍ថា ការដែលសម្តេចតាមប្តឹងដល់ប្រទេសបារាំង គឺទាមទារនូវភាពស្អាតស្អំរបស់សម្តេចតែប៉ុណ្ណោះ។ សម្តេចតេជោបានថ្លែងថា ការចង់បានរបស់សម្តេចលើបណ្តឹងនេះ មិនមែនចង់បានលុយរបស់បុគ្គលនោះទេ តែអ្វីដែលសម្តេចចង់បាន គឺភាពស្អាតស្អំពីការចោទប្រកាន់របស់បុគ្គលនោះ។ ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងជាង២ពាន់ នាក់នៅថ្ងៃនេះ ក៏ដូចជាអបអរសាទរចំពោះអ្នកណាព្យាបាល ឪពុកម្ដាយទាំងអស់ ដែលបានផ្ដល់ឱកាសឲ្យកូនៗបានសិក្សារៀនសូត្រប្រកបដោយភាពជោគជ័យនៅពេលនេះ និងជូនពរអោយទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យ ជាបន្តបន្ទាប់ទៀត៕