សម្តេចក្រឡាហោម ស ខេង អញ្ជើញបញ្ចុះបឋមសិលាសាងសង់អន្តេវាសិកដ្ឋាន និងសមិទ្ធផល នានានៅស្រុកបាណន់ខេត្តបាត់ដំបង
អន្តេវាសិកដ្ឋាន ០១ខ្នង បណ្ណាល័យ០១ខ្នង ទីចាត់ការ០១ខ្នង ក្លោងទ្វារចំនួន១ របងចំនួន ១១២ប្រឡោះ នៅវិទ្យាល័យ សម្តេចក្រឡាហោម ស ខេង តាគ្រាម ដែលជាសមិទ្ធផលសង្គមដ៏ថ្លៃថ្លា ត្រូវបា្ររព្ធពិធីបញ្ចុះបឋមសិលាកសាងនៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតក្នុងឃុំតាគ្រាម ស្រុកសង្កែ ខេត្តបាត់ដំបង ។ នៅក្នុងសន្ទរកថាស្វាគមន៍និង របាយការណ៍របស់លោក ស្រេង សុខា អភិបាលនៃគណៈអភិបាលស្រុកបាណន់ បានជម្រាបជូនឲ្យដឹងថា សមិទ្ធ សង្គមដ៏ថ្លៃថ្លា ដែលបានបម្រើវិស័យអប់រំសិក្សាក្នុងស្រុក ក្នុងនោះ អន្តេវាសិកដ្ឋាន ១ខ្នងដែលមាន (ទំហំ៣០ម៉ែត្រ x ៩,៥ម៉ែត្រស្មើនឹង៥បន្ទប់) ចំណាយថវិកាអស់ ៧១.២៥០ដុល្លារ បណ្ណាល័យ១ខ្នង (ទំហំ២០ម៉ែត្រ x ៩,៥ ម៉ែត្រ) ចំណាយថវិកា អស់ ៤៧.៥០០ដុល្លារ ទីចាត់ការ១ខ្នង (ទំហំ១៦ម៉ែត្រ× ៩,៥ម៉ែត្រ) ចំណាយថវិកា អស់ ៣៨.០០០ដុល្លារ ក្លោងទ្វារចំនួន១ (ទទឹង៥ម៉ែត្រ និង កម្ពស់៤ម៉ែត្រ ចំណាយថវិកាអស់៦.៨០០ដុល្លារ របងប្រវែង
(២២៤ម៉ែត្រ ស្មើនឹង ១១២ប្រឡោះ × ១៤០ដុល្លា) ចំណាយថវិកាអស់១៥.៦៨០ដុល្លារ សរុបចំណាយទាំងអស់ ១៧៩,២៣០ ដុល្លា ។ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំសិក្សាធិកា ដោយបានប្រកាន់ភ្ជាប់នូវគោលដៅការអប់រំសម្រាប់ទាំងអស់គ្នានិងខិតខំបង្កលក្ខណៈសម្បត្តិ សំដៅធានាឲ្យកុមារនិងយុវជនកម្ពុជាទាំងអស់មានឱកាសស្មើៗគ្នាក្នុងការទទួលបាននូវការអប់រំប្រកប ដោយគុណភាពដោយពុំគិតអំពីឋានៈក្នុងសង្គម តំបន់ភូមិសាស្ត្រជនជាតិ សាសនា ភេទឫពិការភាពឡើយ ។ រួមជាមួយគ្នានេះផងដែរ អន្តេវាសិកដ្ឋាន ០១ខ្នង បណ្ណាល័យ០១ខ្នង ទីចាត់ការ០១ខ្នង ព្រមទាំងសមិទ្ធនានា ជាច្រើនទៀតក្នុងវិទ្យាល័យ សម្តេចក្រឡាហោម ស ខេង តាគ្រាម ដែលជាសមិទ្ធផលដ៏ថ្លៃថ្លារបស់សង្គម បម្រើឲ្យវិស័យសិក្សាធិការ នេះសបញ្ជាក់ឲ្យឃើញថាពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព ដើម្បីចួលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងប្រទេសជាតិ ឲ្យមានអភិវឌ្ឍន៍ប្រកប ដោយនិរន្តភាព ។សម្តេចក្រឡាហោម ស ខេង បានផ្តល់នូវអនុសាសន៍ណែនាំដល់អជ្ញាធរដែនដីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវជម្រុញចួលរួមអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈសម្បត្តិ ០៧យ៉ាងសំដៅធ្វើយ៉ាងណាធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពល្អ និងភាពសុខសាន្តជូន ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕