ច្បាស់ការហើយ‌! ផ្ទៃមុខអប្សរាដែលបាត់នោះ ពុំមានអ្នកណាដាប់ ឬលួចយកនោះទេ!

លោក សោម ប៊ុនធឿន អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទតាព្រហ្ម បានរាយការណ៍ថា ផ្ទៃមុខអប្សរាដែលបាត់នោះ ពុំមានអ្នកណាដាប់ ឬលួចយកនោះទេ។ នេះបើយោងតាមការចេញផ្សាយ របស់ អាជ្ញាធរជាតិអប្សរា។  លោករំឭកថា កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ភ្នាក់ងារទេសចរណ៍បានប្រទះឃើញផ្ទៃមុខអប្សរា ដែលមានទីតាំងនៅជិតដើមត្រាង ដែលទេសចរចូលចិត្តផ្តិតរូបភាព ដោយសារមានឫសឈើធំតោងលើរោងទងប្រាសាទនោះ របេះចេញពីទីតាំងដើម និងបានរាយការណ៍ទៅផ្នែកពាក់ព័ន្ធ ពិសេសផ្នែកអភិរក្ស ដើម្បីមកពិនិត្យ។

បន្តែមពីនេះ លោកស្រី នេត ស៊ីម៉ន មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ដែលប្រចាំការនៅប្រាសាទតាព្រហ្ម លើកឡើងថា លោកស្រីបានទទួលព័ត៌មានពីករណីខាងលើពីក្រុមភ្នាក់ងារទេសចរណ៍ និងបានចុះទៅពិនិត្យជាមួយផ្នែកពាក់ព័ន្ធ ដូចជានគរបាលបេតិកភណ្ឌជាដើម។  តាមការវាយតម្លៃ ផ្ទៃមុខអប្សរានោះ គឺរបេះមកដោយខ្លួនឯង ដោយមានស្នាមប្រេះយូរហើយ តែគេមើលមិនឃើញ។ លោកស្រីបន្ថែមថា តាមការសង្កេតផ្ទៃថ្មដែលជាប់ជញ្ជាំង គឺមានកូនឫសឈើដើមត្រាងចាក់ចូល ហើយមានស្នាមប្រេះស្រាប់ផងនោះ ទើបឫសឈើវាបានផ្ទាត់រូបមុខអប្សរានោះឱ្យជ្រុះធ្លាក់។ យ៉ាងណាលោកស្រី បញ្ជាក់ថា ជាសំណាងល្អផ្ទាំងមុខអប្សរាបានជ្រុះទើរឬសឈើ មិនដូច្នោះទេ អាចឱ្យបែកដោយងាយ។ បច្ចុប្បន្នផ្ទៃមុខដែលជ្រុះនោះ ត្រូវបានរក្សាទុកនៅទីមានសុវត្ថិភាព និងរង់ចាំពេលវេលាអំណោយផល អាកាសធាតុល្អឡើងវិញទីតាំងថ្មដែលរបេះនោះស្ងួតល្អ នោះក្រុមការងារភាគីឥណ្ឌា ដែលសហការជួសជុលប្រាសាទតាព្រហ្ម នឹងយកមកបិទឡើងវិញ៕

 

 

អត្ថបទដែលជាប់ទាក់ទង