កម្មវិធីជជែកដេញដោលយុវជនអាស៊ាន ឆ្នាំ២០២២ ឈានដល់វគ្គផ្តាច់ព្រ័ត្រ

រាជធានីភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីជជែកដេញដោលយុវជនអាស៊ាន ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលម៉ានី (អគារ Kampus ) និងផ្សាយបន្តផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីជជែកដេញដោលយុវជនអាស៊ាន ឆ្នាំ២០២២ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Chair)។

កម្មវិធីជជែកដេញដោលយុវជនអាស៊ានឆ្នាំ២០២២ បានរៀបចំឡើងចាប់តាំងពីខែសីហា ដែលមានយុវជនមកពីបណ្ដាប្រទេសទាំង១០ ជាសមាជិកអាស៊ានចូលរួម និងបានធ្វើការជម្រុះតាំងពីជុំទី១ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ វេលាព្រឹកថ្ងៃទី១២ នេះ គឺជាវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីជជែកដេញដោលយុវជនអាស៊ាន ឆ្នាំ២០២២ រវាងក្រុមយុវជនមកពីប្រទេស ម៉ាឡេស៊ី និងក្រុមយុវជនមកពីប្រទេស កម្ពុជា លើប្រធានបទ៖ មតិមួយលើកឡើងថា “ការបង្កើនការវិនិយោគផ្ទាល់ពីបរទេស នឹងដោះស្រាយបញ្ហាកង្វះសារធាតុចិញ្ចឹម”។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ និងដៃគូសហការនានាក្នុងការគាំទ្រ និងសហការយ៉ាងមោះមុតក្នុងការរៀបចំវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលយុវជនអាស៊ាន ឆ្នាំ២០២២ បញ្ចប់ដោយរលូន។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ពីតួនាទីរបស់យុវជន ដែលជាគ្រាប់ពូជដ៏មានសារៈសំខាន់ ក្នុងការអភិវឌ្ឍគ្រប់វិស័យ ក្នុងសង្គម និងទូទាំងប្រទេស។ ហេតុផលនេះហើយទើបឆ្នាំ២០២២នេះ បានប្រកាសជាឆ្នាំនៃយុវជនអាស៊ាន។ កម្មវិធីជជែកដេញដោលយុវជនអាស៊ាន ឆ្នាំ២០២២ នេះ គឺជាកម្មវិធីមួយដែលបានផ្ដល់ឱកាសដល់យុវជន​មកពីបណ្ដាប្រទេសជាសមាជិកអាស៊ាន ទាំង១០ ចូលរួមផ្ដល់មតិ និងជជែកគ្នា ស្វែងរកដំណោះស្រាយ និងដំបូន្មានល្អៗ ក្នុងការអភិរក្ស និងអភិវឌ្ឍតំបន់អាស៊ាន ក៏ដូចជាសកលលោកផងដែរ។ សូមបញ្ជាក់ផងដែរថា កម្មវិធីជជែកដេញដោលយុវជនអាស៊ាន ឆ្នាំ២០២២ គឺជាព្រឹត្តិការណ៍អមមួយ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ២៨៕

អត្ថបទដែលជាប់ទាក់ទង