លោកស្រីនាយិកាថ្មីនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍហៅកាត់ថា “AFD” សន្យាបន្តគាំទ្រជួយដល់ប្រទេសកម្ពុជាលើផ្នែក អគ្គិសនី ទឹក អនាម័យ និងប្រព័ន្ធធារាសាស្ត្រ

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយលោកស្រី Sandrine BOUCHER នាយិកាថ្មី នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ“AFD”ប្រចាំកម្ពុជា លោកស្រីនាយិកាបានកោតសរសើរពីសហប្រតិបត្តិការដ៍ល្អរបស់ក្រសួងអភិវឌ្ឍន៍ជនបទជាមួយនិងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD។ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានជម្រាបជូនលោកស្រីនាយិកាថា៖ផែនការសកម្មភាពក៍ដូចជាបេសកកម្មរបស់ក្រសួងអភិវឌ្ឍន៍ជនបទ មានចក្ខុវិស័យធ្វើឱ្យប្រជាជននៅទីជនបទមានភាពរីកចម្រើនទាំងសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ក្រសួងត្រូវអនុវត្តយុទ្ធសាស្ត្រពីរសំខាន់ៗ គឺ ទី១- លើកកម្ពស់ជីវភាពសហគមន៍ជនបទ និងទី២ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់គ្រួសារជនបទ តាមរយៈការអភិវឌ្ឍជំនាញ ការផ្តល់ឥណទានជនបទ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងការបង្កើតប្រាក់ចំណូលរបស់ប្រជាជននៅតាមជនបទ ដើម្បីកាត់បន្ថយគម្លាតរវាងអ្នករស់នៅទីក្រុង និងអ្នករស់នីទីជនបទ ឬ អ្នកមាន និងអ្នកក្រ។ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក៍បានជម្រាបជូនលោកស្រីនាយិកា អំពីស្ថានភាពទឹកជំនន់នៅកម្ពុជាជាពិសេសតាមបណ្តាលខេត្តដែលរងផលបះពាល់ដោយសារទឹកជំនន់ ដូចជាខេត្តបន្ទាយមានជ័យ ពោធិសាត់ បាត់ដំបង និងបណ្តាខេត្តជាប់បឹងទន្លេសាប។ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានស្នើសុំឲ្យមានការផ្ដល់កិច្ចសហប្រតិបត្តិការ និងបន្តជំនួយលើការស្តារ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។ ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក៍បានលើកឡើងពីគម្រោង

RID4CAM ដែលកំពុងដំណើរការ  គម្រោងនេះធានានូវការស្តារឡើងវិញនូវផ្លូវជនបទប្រវែង 550 គីឡូម៉ែត្រដែលរួមបញ្ជូលទាំង ការកសាងហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋានក្នុងវិស័យទឹកស្អាត និងអនាម័យ កសិកម្ម សុខាភិបាល និងអប់រំ ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធជនបទនិងការអនុវត្តអនាម័យល្អ និងសុខភាព។ ជាការឆ្លើយតបលោកស្រី Sandrine BOUCHER បានបញ្ជាក់ថា៖ ភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ“AFD” មានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 1993 ហើយបានគាំទ្រប្រទេសកម្ពុជា ដោយផ្តោតលើផ្នែករចនាសម្ព័ន្ធសំខាន់ៗ ដូចជាការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច (អគ្គិសនី ទឹកអនាម័យ ប្រព័ន្ធធារាសាស្ត្រ) ទីក្រុងនិងតំបន់ជនបទថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង