សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចូលរួមដង្ហែអង្គកឋិនទាន ទៅវេរប្រគេនព្រះសង្ឃវត្តចំនួន៩ ក្នុងខេត្តត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង!

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី មន្ត្រីអ្នកមុខ អ្នកការ បានមូលមតិគ្នាជាឯកច្ឆ័នផ្តើមធ្វើអង្គកឋិនទានដើម្បីដង្ហែទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់កាលត្រីមាសក្នុងព័ទ្ធសីមានៃវត្តចំនួន៩ក្នុងខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះបន្ទាប់ពីបានធ្វើពិធីសូត្រមន្តចំរើនព្រះបរិត្ត និងសម្តែងធម្មវិសេសទេសនានៅភូមិគ្រឹះរបស់សម្តេចក្នុងរាជធានីភ្នំពេញ ដោយការប្រារព្ធពិធីដង្ហែអង្គកឋិនទានរួមធ្វើឡើងនៅវត្តគីរី សុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំយ៉ាងអធឹកអធម។   វត្តទាំង៩ នៅក្នុងខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ដង្ហែអង្គកឋិនទានចូលរួមមាន វត្តគីរីសុវណ្ណរាម វត្តជោតិវន្ត វត្តជោត្តិរតនរាម វត្តបុទមព្រឹក្ស វត្តតាសួស វត្តវិសប្បសិនារាម វត្តឥន្ទសាល វត្តព្រៃអង្គក្រៅ និងវត្តសិលារង្សី។ អង្គកឋិនទានដែលផ្តួចផ្តើមដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន មានការចូលរួមពីសំណាក់បងប្អូន កូនចៅសម្តេចទំាង ទ្វេ រួមនិងសមាជិក សមាជិការដ្ឋសភា  ព្រឹទ្ធសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គលេខា ធិការដ្ឋានរដ្ឋសភា ថ្នាក់ដឹកនាំក្រសួងស្ថាប័ន អាជ្ញាធរដែនដីជាច្រើនទៀត។   កឋិនទានបវេណីព្រះពុទ្ធសាសនា គឺជាឧត្ដមបុណ្យរបស់ពុទ្ធបរិស័ទ។ ពាក្យថា “កឋិន“ ជាភាសា បាលីសំដៅយកក្របក្ដារ ដែលភិក្ខុសង្ឃសម័យបុរាណឥណ្ឌាប្រើសម្រាប់ដេរសំពត់ធ្វើជាស្បង់ចីវរ។ សំពត់ដែលបានរៀបចំតាក់តែងឡើងនោះមានឈ្មោះថា “សំពត់កឋិន“ ។ បុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយត្រូវបានខកខានឡើយ។ ដូច្នេះគេតែងតែឃើញក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទី អារាមរៀងៗខ្លួនចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយមិនមានកឋិនហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ហើយ ចំពោះអង្គកឋិនទានរបស់សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធ វង្សា សៅ ទី ហេង សំរិន នាពេលនេះទទួលបានបច្ច័យសម្រាប់វត្តនីមួយៗចំនួន ៦០លានរៀល ព្រមទាំង គ្រឿងបរិក្ខាជាច្រើនមុខទៀត សរុបចំនួន ៩វត្ត។ មានប្រសាសន៍លើកឡើងនាឱកាសនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អាស្រ័យដោយពិភពលោកទាំងមូល ក៏ដូចជាកម្ពុជាផងដែរដែលបានញាំញីដោយម្ងឺ កូវីឌ១៩ ការធ្វើបុណ្យកឋិនទាននៅកម្ពុជាត្រូវបានអាក់ខានរយៈពេល៣ឆ្នាំមកហើយតែដោយសារមានការខិតខំរបស់ រាជរដ្ឋាភិបាលក្នុងការនាំយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានធ្វើឱ្យជម្ងឺដ៏កាចសាហាវ មួយនេះត្រូវកាត់បន្ថយជាអតិបរិមាទើបយើងមានឱកាសអាចធ្វើបុណ្យកឋិនទាននេះឡើងវិញដូចសព្វថ្ងៃនេះ៕

 

 

អត្ថបទដែលជាប់ទាក់ទង