លោក Elon Musk បដិសេធថាលោកនិយាយជាមួយលោកពូទីន ពីសង្គ្រាមនៅអ៊ុយក្រែន
អាមេរិក ៖ មហាសេដ្ឋីលេខមួយពិភពលោក Elon Musk បានបដិសេធសេចក្តីរាយការណ៍ថា លោកបាននិយាយជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មុនពេលលោកបង្ហោះការស្ទង់មតិនៅលើ Twitter អំពីយោបល់របស់លោកសម្រាប់ការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
លោក Ian Bremmer ប្រធានផ្នែកប្រឹក្សាហានិភ័យនយោបាយ Eurasia Group បានចោទប្រកាន់ថា លោក Elon Musk បានប្រាប់គាត់ដោយផ្ទាល់អំពីការសន្ទនារបស់លោកជាមួយនឹងលោក Putin។
នៅក្នុងព្រឹត្តិបត្រមួយ លោក Ian Bremmer សរសេរថា លោក Musk បានប្រាប់គាត់ថា ប្រធានាធិបតីរុស្ស៊ីត្រៀមខ្លួនជាស្រេចសម្រាប់ចរចារ ប៉ុន្តែក្នុងករណីប្រសិន តំបន់គ្រីមៀនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ប្រសិនអ៊ុយក្រែនទទួលយកទម្រង់អព្យាក្រឹតអចិន្ត្រៃយ៍ ហើយប្រសិនទីក្រុងគៀវទទួលស្គាល់ការដាក់បញ្ជូលតំបន់ Luhansk, Donetsk, Kherson និង Zaporizhzhia ជារបស់រុស្ស៊ី។
លោក Bremmer និយាយទៀតថា លោក Musk ប្រាប់គាត់ថា លោក Putin និយាយថាគោលបំណងទាំងនេះនឹងត្រូវសម្រេចបាន មិនថាមានរឿងអ្វីនោះទេ ហើយថានឹងមានសក្តានុពលនៃការវា.យប្រហារនុយក្លេអ៊ែរ ប្រសិនអ៊ុយក្រែនឈ្លានពានគ្រីមៀ។ ប៉ុន្តែនាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Tesla រូបនេះបានបដិសេធ។
លោកបានថ្លែងនៅលើ Twitter ដូច្នេះថា «ខ្ញុំបាននិយាយជាមួយលោក Putin តែម្តងគត់ ហើយវាកើតឡើងប្រហែល ១៨ខែមកហើយ។ ប្រធានបទនៃការជជែកគ្នាគឺពីលំហរអាកាស»។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក Elon Musk បានស្នើឱ្យអ្នកចុចតាមដានចំនួន ១០៧.៧លាននាក់របស់លោកនៅលើ Twitter ឱ្យធ្វើការបោះឆ្នោតស្ទង់មតិលើមធ្យោបាយដើម្បីដោះស្រាយសង្គ្រាមនៅអ៊ុយក្រែន។
យោបល់របស់លោក រួមមានការស្នើឱ្យធ្វើការបោះឆ្នោតនៅក្នុងតំបន់របស់អ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ី ដែលរុស្ស៊ីបាននិយាយថាខ្លួនបានដាក់បញ្ជូលជាទឹកដីរបស់ខ្លួន។ សំណើររបស់លោកត្រូវបានស្វាគមន៍ដោយទីក្រុងម៉ូស្កូ។
លោកថា «រុស្ស៊ីត្រូវចាកចេញ ប្រសិនវាជាឆន្ទៈរបស់ប្រជាជន»។ មហាសេដ្ឋីមានទ្រព្យសម្បត្តិជាង ២១៥ពាន់លានដុល្លាររូបនេះ ក៏បានស្នើឱ្យពិភពលោកគួរទទួលស្គាល់ជាផ្លូវការនូវតំបន់គ្រីមៀជារបស់រុស្ស៊ី។ គ្រីមៀ ត្រូវបានរុស្ស៊ីដាក់បញ្ជូលជាទឹកដីរបស់ខ្លួនដោយខុសច្បាប់នៅក្នុងឆ្នាំ ២០១៤។ ការស្ទង់មតិរបស់លោក បង្កភាពចម្រូងចម្រាស់យ៉ាងខ្លាំង។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា អ្នកដែលស្នើឱ្យអ៊ុយក្រែនបោះបង់ចោលប្រជាជន និងទឹកដីរបស់ខ្លួន ត្រូវតែឈប់ប្រើពាក្យសន្តិភាព ដែលជាពាក្យអសុរោះ ដើម្បីអនុញ្ញាតឱ្យរុស្ស៊ីសម្លាប់ និងរំលោភបំពានប្រជាជនអ៊ុយក្រែនស្លូតត្រង់រាប់ពាន់នាក់បន្ថែមទៀត និងរំលោភយកដីបន្ថែមទៀត៕