តារាជើងចាស់ មិន សារិន ចង់ជួបកូនស្រីច្បងដែលបែកគ្នាជាង១៥ឆ្នាំមកហើយ នាដង្ហើមចុងក្រោយ!
បើតាមការរៀបរាប់របស់ តារាសម្តែងជើងចាស់ លោកតា មិន សារិន ហៅ ម៉ែន បានឱ្យដឹងថា ឆ្នាំនេះលោកតាអាយុ ៨៣ឆ្នាំហើយ នឹងកំពុងតែមានជំងឺប្រចាំកាយ។ បច្ចុប្បន្ននេះ លោកតា លំបាកជាខ្លាំងណាស់ ចំពោះបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ។
ពោលទាំងទឹកមុខស្រពោន លោកតា បានប្រាប់ថា លោកកំពុងមានជំងឺលើសឈាម ជំងឺបេះដូង តម្រងនោម ស្ពឹកដៃ ស្ពឹកជើង និងឧស្សាហ៍វិលមុខ។
ជាការពិតណាស់ លោកតា សារិន មានវ័យកាន់តែចាស់ ហើយត្រូវបានជំងឺជាច្រើនរុំព័ន្ធនោះ លោកតាបាននិយាយថា លោកចង់ជួបកូនស្រីរបស់លោកតា ដែលបានបែកគ្នាជាច្រើនឆ្នាំមកហើយ ដោយលោកតាបានបង្ហើប ឈ្មោះកូនស្រីច្បងរបស់គាត់ គឺអ្នកស្រី អ៊ុំ សុវណ្ណនី ដែលជាតារាស្រីដ៏ឆ្នើមមួយរូបនិងធ្លាប់បានសម្តែងរឿងជាតួឯកស្រីនៅក្នុងនៅរឿង «នរក៩ជាន់» ជាតួអង្គនាង ខេម៉ា និងតួអង្គប្រុសឯកជាជនជាតិឆេកូ ដោយលើសពីនេះ អ្នកនាង អ៊ុំ សុវណ្ណនី ដែលជាតួស្រីមួយរូបក្នុងរឿងខ្មែរ «ឆ្អឹងអណ្តែត» ផងដែរ។ លោកតានិយាយថា ពីមួយថ្ងៃទៅមួយថ្ងៃ លោកតាចេះតែមានការនឹករលឹកទៅដល់អ្នកស្រី អ៊ុ សុវណ្ណនី ជាខ្លាំង និងចង់ជួបតារាស្រី អ៊ុ សុវណ្ណនី នាដង្ហើមចុងក្រោយ ក៏ដូចជាជីវិតចុងក្រោយផងដែរ។
បើតាមបទសម្ភាសន៍របស់អ្នកស្រី ស្រីទូច ដែលជាកូនស្រីទី៤ របស់លោកតា មិន សារិន បានអោយដឹងថា ការបែកគ្នារបស់លោកតា និងអ្នកស្រី អ៊ុំ សុវណ្ណនី មានរយៈប្រមាណជា១៥ឆ្នាំមកហើយ ដែលពួកគាត់មិនជួបមុខគ្នាទាល់តែសោះ បើតាមការបង្ហើបរបស់អ្នកស្រី ស្រីទូច អោយបានដឹងបន្តថា អ្នកស្រី អ៊ុំ សុវណ្ណនី បានចេញទៅរស់នៅសហរដ្ឋអាមេរិក មានរយៈពេលយូរក្រែលដែរហើយ តែដូចជា មិនមានការទាក់ទងមកសោះ ដូច្នេះនាំអោយលោកតា មិន សារិន ចេះតែមានការនឹករលឹករកកូន បារម្ភពីកូន និងចេះតែទន្ទឹងផ្លូវកូន ។
គួរបញ្ជាក់ផងដែរថា លោកតា មិន សារិន មានជីវភាពក្រលំបាកជាខ្លាំងជាពន់ពេកណាស់ បើតាមការប្រាប់ពីកូនស្រីទី៤ របស់គាត់ បានអោយដឹងថា លោកតាចង់លក់ផ្ទះ ដើម្បីយកលុយទៅព្យាបាលជំងឺ និងដោះស្រាយ បញ្ហាជីវភាពផងដែរ។ ជាចុងក្រោយលោកតា សំណូមពរទៅដល់សាធារណជន ក៏ដូចជាមហាជន មេត្តាជួបលោកតាផង ដោយជួយជាអ្វីក៏បាន ព្រោះលោកតាមានជីវភាពពិតជាក្រលំបាក លោកក៏បានបន្តទៀតថា លោកតាមិនមានអ្វីតបស្នងទេ មានតែម្រាមដៃដប់អរគុណតែប៉ុណ្ណោះ៕