គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្រុក៖ ត្រូវស្នើសុំពូជស្រូវ ពូជបន្លែ ជូនប្រជាពលរដ្ឋ ដាំស្តារឡើងវិញបន្ទាប់ពីទឹកស្រក!
កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំដើម្បីស្តាប់វឌ្ឍនភាពការគ្រប់គ្រងតាមដានគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗនៅតាមបណ្ដាក្រុង-ស្រុក ខេត្តសៀមរាប ដើម្បីរៀបចំផែនការត្រៀមបមម្រុង។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានការងារចុះពិនិត្យ និងអង្កេតផលប៉ះពាល់ដំណាំស្រូវ និងដំណាំរួមផ្សំ ដោយសារទឹកជំនន់ និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ។
អង្គប្រជុំបានជំរុញឱ្យក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្រុក បន្តតាមដានផលប៉ះពាល់ និងការខូចខាតដំណាំស្រូវ និងត្រូវរៀបចំនីតិវិធីស្នើសុំពូជស្រូវ ពូជបន្លែពីប្រព័ន្ធស្បៀង បម្រុងកម្ពុជា ដើម្បីស្តារដាំដុះឡើងវិញបន្ទាប់ពីផលប៉ះពាល់ និងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងទៅនេះ។
ម្យ៉ាងទៀតត្រូវត្រៀមបម្រុងតាមដាន និងត្រៀមលក្ខណៈអន្តរាគមន៍ ក្នុងករណីមានជំនន់ទឹកភ្លៀងកើតឡើងសារជាថ្មី ដោយឥទ្ធិពលព្យុះនានា ភ្លៀងធ្លាក់ និងការហូរចេញពីភូមិសាស្ត្រតំបន់មួយចំនួន និងត្រៀមបម្រុងទីទួលសុវត្ថិភាពក្នុងករណីមានគ្រោះមហន្តរាយកើតឡើង។