សម្តេចតេជោនាយករដ្ឋមន្រ្តី៖ អាស៊ានគឺជាសហគមន៍ពហុវប្បធម៌ដែលតម្រូវឲ្យខិតខំរួមគ្នាក្នុងភាពចម្រុះ សំដៅសំរេច បាននូវការយល់ដឹងឲ្យកាន់តែទូលំទូលាយជាងមុន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី២៨ នាព្រឹកថ្ងៃទី១៣តុលា នាសណ្ឋាគារសុខា រ៉េស៊ីដង់ ភ្នំពេញ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីស្ថាប័នក្រោមវិស័យសហគមន៍សង្គម-វប្បធម៌អាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន ឧត្តមមន្ត្រីវិស័យក្រោម សហគមន៍សង្គម-វប្បធម៌អាស៊ាន អគ្គលេខាធិការរងអាស៊ាន តំណាងអចិន្ត្រៃយ៍សហគមន៍សង្គម-វប្បធម៌អាស៊ាន ប្រតិភូអម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ មុនពិធីបើកកិច្ចប្រជុំកិច្ច សម្តេចតេជោនាយករដ្ឋមន្រ្តី បានទទួលជួបពិភាក្សាការងារជាមួយ ប្រតិភូរដ្ឋមន្រ្តីសហគមន៍សង្គម និងវប្បធម៌អាស៊ាន ដឹកនាំដោយ ដាតុ ណាមី ម៉ូហាម៉ាត រដ្ឋមន្រ្តីក្រសួងវប្បធម៌ យុវជន និងកីឡា ប្រុយណៃ។ សម្តេចតេជោមានប្រសាសន៍ស្វាគមន៍ប្រតិភូទាំងមូល ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨ នៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោមានប្រសាសន៍ថា នៅក្នុងអាស៊ានយើងមានសសរស្តម្ភ៣។ សសរស្តម្ភទី១ សហគមន៍សន្តិសុខ នយោបាយ សសរស្តម្ភទី២ សហគមន៍សេដ្ឋកិច្ច និងសសរស្តម្ភទី៣ គឺសហគមន៍សង្គម វប្បធម៌ ដែលយើងទាំងអស់គ្នា កំពុងចូលរួមប្រជុំនាថ្ងៃនេះ។ សម្តេចតេជោបន្តថា សសរស្តម្ភនេះទៀតសោត គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងន័យនេះសម្តេចបានលើកទឹកចិត្តឲ្យប្រតិភូទាំងអស់ ប្រឹងប្រែងធ្វើយ៉ាងណា ពង្រឹងកិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាឲ្យដំណើរកិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨ ទទួលបានលទ្ធផលជាផ្លែផ្កា។ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន មានប្រសាសន៍ថា កិច្ចប្រជុំនេះនឹងមានព្រឹត្តិការណ៍អមចំនួន២ គឺកម្មវិធីប្រកួតជជែកដេញដោលយុវជនអាស៊ានឆ្នាំ២០២២ និងពិធីសម្ពោធមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ ។ ឯកឧត្តមបន្តថា កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨ នឹងពិនិត្យមើលអំពីវឌ្ឍនភាពវិស័យអាទិភាពដែលសម្រេចបានក្នុងឆ្នាំ២០២២ នៃកិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌ អាស៊ានលើកទី៣៣ និងបញ្ហាប្រឈមនានា ដើម្បីចូលរួមដោះស្រាយសម្រាប់ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នាពេលខាងមុខ។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានជម្រាបជូនអង្គប្រជុំអំពីសមិទ្ធផលសំខាន់ៗ អាទិភាព ព្រឹត្តការណ៍អម និងឯកសារដែលត្រូវអនុម័ត រួមមាន៖ សេចក្ដីប្រកាសទាក់ទងទៅនឹងការងារកីឡា អត្តសញ្ញាណអាស៊ាន វប្បធម៌ ពលករចំណាកស្រុក សហគ្រិនភាពរបស់ស្ត្រី ការលើកកម្ពស់ស្ត្រី សន្តិភាព និងសន្តិសុខ។ កិច្ចប្រជុំនឹងចេញសេចក្តីថ្លែងការណ៍រួមទាក់ទងទៅនឹងការបម្រែបម្រួលអាកាសធាតុ និងការកំណត់ឆ្នាំ២០២២ គឺជាឆ្នាំនៃយុវជនអាស៊ានផងដែរ។ ថ្លែងសុន្ទរកថាគន្លឹៈបើកកិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨ សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ានឆ្នាំ២០២២ មានប្រសាសន៍ថា អាស៊ានគឺជាសហគមន៍ពហុវប្បធម៌ ដែលតម្រូវឲ្យខិតខំរួមគ្នាក្នុងភាពចំរុះ សំដៅសំរេចបាននូវការយល់ដឹង ឲ្យកាន់តែទូលំទូលាយជាងមុន ក្នុងចំណោមប្រជាពលរដ្ឋរបស់យើង ជាពិសេសយុវជនអាស៊ាន ដើម្បីលើកកម្ពស់ភាពធន់ និងការយោគយល់គ្នាទៅវិញទៅមក ស្របតាមស្មារតីស្នូលរបស់អាស៊ាន ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ៕