ឯកឧត្តម ហាន កុសល ចុះពិនិត្យស្ថានភាពផ្លូវបេតុងសាងសង់ថ្មីនៅស្រុកបាធាយ និងស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកជើងព្រៃ
ឯកឧត្តម ហាន កុសល ចុះពិនិត្យស្ថានភាពផ្លូវបេតុងសាងសង់ថ្មីនៅស្រុកបាធាយ និងស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកជើងព្រៃ
កំពង់ចាមរ សៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយក្រុមការងារសម្របសម្រួលគម្រោងបឹងទន្លេសាបខេត្ត បានចុះពិនិត្យ សមិទ្ធផលផ្លូវបេតុង១ខ្សែ ប្រវែង ៥០០ម៉ នៅឃុំតាំងក្រាំង ស្រុកបាធាយ។ ផ្លូវបេតុងនៅឃុំតាំងក្រាំង ត្រូវបានធ្វើរួចរាល់ មានគុណភាពល្អ និងទទួលបានការសាទរពីប្រជាពលរដ្ឋនៅទីនោះផងដែរ ។
បន្ទាប់មកឯកឧត្តមអភិបាលរងខេត្តអមដំណើរដោយលោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ និងសមាជិក ស.ស.យ.ក. ឃុំ សាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន ស្គន់ បានចុះពិនិត្យ ៖១) ស្ថានភាពស្រូវលិចទឹកនៅភូមិឈើទាល ឃុំផ្តៅជុំ
២) ស្ថានភាពសាលាបឋមសិក្សា ហ៊ុន សែន ស្គន់
៣) ស្ថានភាពទឹកភ្លៀងលិចផ្លូវកៅស៊ូនៅភូមិប៉ាណា ឃុំសូទិព្វ និង
៤) បានទៅចូលបុណ្យសពយុវជន ស.ស.យ.ក. នៃវិទ្យាល័យ ហ៊ុន សែន ស្គន់ នៅភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ។
ក្រោយចុះពិនិត្យស្ថានភាពខាងលើរួច ក្រុមការងារបានសង្កេតឃើញថា ទឹកភ្លៀងលិចស្រែធ្វើឲ្យខូចខាតស្រូវសរុបទូទាំងស្រុកចំនួន ៦៦០ហិចតា នៃគ្រួសារចំនួន ៩៩១ ស្មើនឹង ២,៨៦% ធៀបនឹងផ្ទៃដីអនុវត្តបាន។ ឯកឧត្តម ហាន កុសលបានប្រសាសថា លោកអភិបាលស្រុកជើងព្រៃបានធ្វើសំណើសុំពូជស្រូវទៅឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា សម្រាប់ទុកផ្តល់ជូនប្រជាពលរដ្ឋដែលខូចខាតស្រូវ ។
ឯកឧត្តម ហាន កុសលបានបន្តទៀតថាស្ថានភាពទឹកភ្លៀងលិចសាលាបឋមសិក្សា ហ៊ុន សែន ស្គន់ គឺដោយសារតែ សាលានេះជាទីទំនាបដែលទឹកហូរពីគ្រប់ទិសនៅជុំវិញ ចាក់ចូលក្នុងសាលារៀន ធ្វើឲ្យលិចទឹកកម្ពស់ប្រមាណ ០,៣ម៉ (ដោយកន្លែង) ជាហេតុធ្វើឲ្យផ្អាកការសិក្សារបស់សិស្សចំនួន ២ថ្ងៃហើយ ។ តាមការពិនិត្យជាក់ស្តែង និងការពិភាក្សាជាមួយលោកអភិបាលស្រុក ប្រធានការិយាល័យ នាយកសាលា និងលោកគ្រូ អ្នកគ្រូ គឺនៅក្នុងបរិវេណ និងជុំវិញសាលារៀននេះ គ្មានប្រព័ន្ធលូរបង្ហូរទឹកទេ ហើយបើចង់បូមទឹកចេញ គឺមានតែបូមចេញទៅម្ខាងផ្លូវជាតិ បង្ហូរតាមប្រឡាយខាងក្រោយ។ ប៉ុន្តែក្នុងករណីរាំងភ្លៀង ២ ឬ ៣ថ្ងៃខាងមុខ ស្ថានភាពសាលាអាចនឹងប្រែមកជាប្រក្រតីវិញ។ ចំពោះមុខ លោកអភិបាលស្រុក លោកប្រធាន ការិយាល័យ និងលោកអភិបាលស្រុក នឹងពិចារណារកដំណោះស្រាយជាយុទ្ធសាស្ត្រសម្រាប់ពេលអនាគតចំនួន ២ គឺ ចាក់ដីលើកកម្ពស់បំពេញបរិវេណសាលា និងស្នើសុំបច្ចេកទេសសាធារណការរៀបចំប្រព័ន្ធលូសាធារណៈ ។
ឯកឧត្តម ហាន កុសលបានបន្ថែមទៀតថាថាទឹកភៀងលិចផ្លូវដីនៅភូមិឈើទាល ឃុំផ្តៅជុំ និងកៅស៊ូនៅភូមិប៉ាណា ឃុំសូទិព្វ បានដាក់របាដែករាំងផ្លូវហាមរថយន្តឆ្លងកាត់ (សម្រាប់ផ្លូវដី) និងបានដាក់រនាំងសញ្ញាប្រុងប្រយ័ត្នសម្រាប់អ្នកបើកបរនៅផ្លូវកៅស៊ូ។ ដើម្បីរំដោះទឹកហូរលើផ្លូវកៅស៊ូ លោកអភិបាលស្រុករួមជាមួយមន្ទីរសាធារណការខេត្ត បានរួមគ្នាកាយប្រឡាយបង្ហូរទឹករួចហើយ ប៉ុន្តែប្រព័ន្ធលូរមិនអាចទប់ទល់នឹងស្ថានភាពជំនន់ទឹកភ្លៀងនេះបានទេ ។ ករណីលោក សាម សុនិត នាយករងវិទ្យាល័យ ហ៊ុន សែន ស្គន់ បានទទួលមរណភាពភ្លាមនៅមន្ទីរពេទ្យខេត្តកំពង់ចាមកាលពីថ្ងៃទី០៨ តុលា កន្លងទៅ ដោយរោគសញ្ញាក្តៅខ្លួន។ គួរបញ្ជាក់ឲ្យដឹងថាលោក សុនិត ជាសកម្មជនយុវជន និង ស.ស.យ.ក. ដ៏មានសមត្ថភាពខ្ពស់ខាងអក្សរសាស្ត្រខ្មែររហូតចូលរួមប្រកួតទទួលបានពានរង្វាន់ជាច្រើនទៀតផង ។ក្នុងនោះឯកឧត្តមបានចូលបច្ច័យបុណ្យចំនួន ១០០,០០០រៀលផងដែរ ។