សម្តេចតេជោ ហ៊ុន សែន សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារ ដែលបាន បាត់បង់កូនៗ និងចៅៗជាទីស្រឡាញ់ នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លង ក្នុងស្រុកលើកដែក!
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារ ដែលបានបាត់បង់កូនៗ និងចៅៗជាទីស្រឡាញ់ នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សចេញពីសាលាទៅផ្ទះ ស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តា។
តាមរយៈសារតាមបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយ បងប្អូនក្រុមគ្រួសារ ដែលបានបាត់បង់កូនៗ និងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលអោយស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ»។
សម្តេចបានបង្គាប់ឱ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូន ក្រុមគ្រួសារនៃសពនិងជនរងគ្រោះឱ្យបានទាន់ពេលវេលាដ៏លំបាកបំផុតនេះ។ ជាមួយគ្នានេះ សម្តេចបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅតាមមាត់ទន្លេ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង។
គួរបញ្ជាកើផងដែរថា កាលពីព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានករណីលិចទូកចម្លងនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បានបណ្តាលឲ្យសិស្សានុសិស្ស ដែលជិះលើទូកប្រមាណ១៥នាក់ បានធ្លាក់ចូលទៅក្នុងទឹក។ របាយការណ៍ចុងក្រោយរបស់សមត្ថកិច្ច រហូតដល់ព្រឹកនេះបានឱ្យដឹងថា សមត្ថកិច្ចបានរកឃើញសាកសពក្មេងលង់ទឹកនេះ៨នាក់ សង្គ្រោះ៤នាក់ និងកំពុងបាត់ខ្លួន៣ នាក់ទៀត៕