សម្ដេចក្រឡាហោម ស ខេង ថ្លែងអំណរគុណចំពោះភាគីអូស្ត្រាលី ដែលតែងបានជួយគាំទ្រ ដល់កម្ពុជាតាមគ្រប់លទ្ធភាពតាមរយៈឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងអំណរគុណចំពោះអូស្ត្រាលី ដែលតែងបានជួយគាំទ្រដល់ កម្ពុជាតាមគ្រប់លទ្ធភាពជាពិសេសការចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា ដោយសម្ដេចបានបន្ថែមទៀតថាក្រៅពីនេះក៏មានកិច្ចសហការដែលភាគីអូស្ត្រាលីបានជួយគាំទ្រលើវិស័យសំខាន់ៗជាច្រើនទៀតដល់កម្ពុជា។សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍លើកឡើងបន្តទៀតថាក្រសួងមហាផ្ទៃ និងភាគីអូស្ត្រាលី ក៏មានកិច្ចសហការទៅលើការងារ សន្តិសុខផងដែរ ដែលភាគីទាំងពីរក៏មានក្របខណ្ឌជាអនុស្សរណៈក្នុងកិច្ចសហប្រតិបត្តិការលើកិច្ចការសំខាន់ៗមួយចំនួន ដូចជាការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាដើម។សម្ដេចក្រឡាហោម ស ខេង ក៏បានសម្តែងនូវការអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក ក្រោមក្របខណ្ឌនៃអនុស្សរណៈដែលបានចុះហត្ថលេខាជាមួយគ្នានេះ ហើយសង្ឃឹមជឿជាក់ថាលទ្ធផលដ៏ល្អប្រសើរតាមរយៈការអនុវត្តអនុស្សរណៈនេះនឹងរួមចំណែកធ្វើឱ្យកម្ពុជាទទួលបានសុខសុវត្ថិភាព ពិសេសបម្រើដល់ការប្រារព្ធព្រឹត្តិការណ៍សំខាន់ៗនានានៅពេលខាងមុខដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ជាការឆ្លើយតប ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានថ្លែងអំណរគុណ និងគាំទ្រការវាយតម្លៃរបស់សម្ដេចក្រឡាហោម ទៅលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកន្លងមក ជាក់ស្ដែងអូស្ត្រាលីពិតជាបានចូលរួមផ្ដល់កិច្ចសហការដែលមិនត្រឹមតែ ជាមួយក្រសួងមហាផ្ទៃប៉ុណ្ណោះទេ តែក៏ជាមួយក្រសួងស្ថាប័នដទៃទៀតដែលមានកិច្ចសហការល្អជាមួយភាគីអូស្ត្រាលីដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនបន្ថែមទៀតអំពីថ្នាក់ដឹកនាំ និងគណៈប្រតិភូអូស្ត្រាលីដែលគ្រោងនឹងចូលរួមក្នុងការឱកាសនៃកិច្ចប្រជុំកំពូល អាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខនេះដែរ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរវិញ ឯកឧត្តម បានបង្ហាញការកត់សម្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃក្នុងការបង្កើននូវយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដោយឯកឧត្តម ក៏បានជម្រាបជូនដែរថាអូស្ត្រាលីត្រៀមខ្លួនផ្ដល់ការគាំទ្រដល់កម្ពុជាទៅលើកិច្ចការងារនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងបន្តទៀតថាជាក់ស្ដែងក្នុងរយៈពេលកន្លងមក នគរបាលសហព័ន្ធអូស្ត្រាលី ក៏បានចូលរួមចំណែកក្នុងការងារពាក់ព័ន្ធនឹងក្របខណ្ឌMOU ដែលភាគីទាំងពីរមានជាមួយគ្នា ដោយបានផ្ដល់នូវវគ្គបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាលកម្ពុជា ព្រមទាំងបានផ្ដល់នូវសម្ភារៈ ឧបករណ៍បច្ចេកទេសក្នុងការបង្កើនសមត្ថភាពការងារធ្វើកោសល្យវិច្ច័យឯកសារ ធ្វើដំណើររបស់ជនបរទេសសម្រាប់បម្រើដល់ការងារអន្តោប្រវេសន៍ផងដែរ។ ហើយនគរបាលអូស្ត្រាលី ក៏បាននិងកំពុងដំណើរការវគ្គបណ្ដុះបណ្ដាលមួយចំនួនទៀតជូនដល់កងកម្លាំងនគរបាលកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ បទល្មើសបច្ចេកវិទ្យា ការធ្វើកោសល្យវិច្ច័យឌីជីថល ដែលកិច្ចការទាំងនេះឯកឧត្តម សង្ឃឹមថានឹងរួមចំណែកជួយគាំទ្រដល់កម្ពុជាបង្កើនសមត្ថភាព ក៏ដូចជាធ្វើយ៉ាងណាចូលរួមគាំទ្រការដល់កម្ពុជាចេញពីបញ្ជីប្រផេះនៃការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ផងដែរ៕