លោកជំទាវ អនហេង លក្ខិណា ដឹកនាំថ្នាក់ដឹកនាំជាស្ត្រីក្នុងខេត្តកំពង់ចាម ចូលរួមកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ តាមប្រព័ន្ធអនឡាញ

លោកជំទាវ អនហេង លក្ខិណា ដឹកនាំថ្នាក់ដឹកនាំជាស្ត្រីក្នុងខេត្តកំពង់ចាម ចូលរួមកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ តាមប្រព័ន្ធអនឡាញ

កំពង់ចាម នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ លោកជំទាវ អនហេង លក្ខិណា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សាខេត្តកំពង់ចាម បានអញ្ជើញដឹកនាំ ថ្នាក់ដឹកនាំជាស្ត្រីនៅក្នុងខេត្តកំពង់ចាមប្រមាណ ៣០នាក់ ចូលរួមកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីក្នុងអាស៊ាន» និងពិធីប្រគល់ពានរង្វាន់សហគ្រិនអាស៊ាន ក្រោមអធិបតីភាពលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី តាមប្រព័ន្ធអនឡាញ ។ សមាសភាពចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះមានចំនួនប្រមាណ ២០០រូប ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ ដែលជាតំណាង និងមន្ត្រីជាន់ខ្ពស់របស់អាស៊ាន អគ្គរដ្ឋ/រាជទូតបណ្តាប្រទេសអាស៊ាន កាណាដា និងអូស្ត្រាលី ប្រចាំកម្ពុជា ក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ។ ចំពោះសមាសភាពចូលរួមតាមប្រព័ន្ធវីដេអូ អញ្ជើញចូលរួមប្រមាណ ២០០រូប នៅតាមបណ្តាប្រទេសអាស៊ាន និងដៃគូពាក់ព័ន្ធដែលមិនអាចចូលរួមដោយផ្ទាល់ រួមទាំងអ្នកចូលរួមដែលនៅថ្នាក់ក្រោមជាតិផងដែរ ។ កម្មវិធីនេះ ឧបត្ថម្ភ និងគាំទ្រដោយស្ថានទូតកាណាដាប្រចាំនៅកម្ពុជា និងវិទ្យាស្ថាន ERIA ។

 

ក្នុងប្រជុំកំពូលនេះរៀបចំឡើងក្នុងគោលបំណង ៖
• ផ្តល់នូវវេទិកាពិភាក្សាពីបញ្ហាប្រឈម និងកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍសហគ្រិនរបស់ស្ត្រីនៅអាស៊ាន និងជំរុញការផ្លាស់ប្តូរឆ្ពោះទៅរកការស្តារឡើងវិញនូវកំណើន និងភាពធន់រឹងមាំខ្លាំងក្លា នៃសហគ្រាសធុនមីក្រូ តូច និងមធ្យមដែលដឹកនាំដោយស្ត្រី ។
• ជំរុញ និងលើកទឹកចិត្តដល់ស្ត្រីជាសហគ្រិន ក្នុងការចាប់ផ្តើម និងដំណើរការអាជីវកម្មស្របតាមក្របខណ្ឌប្រតិបត្តិការស្តង់ដា នវានុវត្តន៍ និងច្នៃប្រឌិត ។
• បញ្ជាក់អំពីការទទួលស្គាល់ ផ្តល់តម្លៃ និងអបអរសាទរដល់កិច្ចខិតខំប្រឹងប្រែងរបស់ស្ត្រីជាសហគ្រិននៅក្នុងតំបន់អាស៊ាន ក្នុងការចូលរួមក្នុងកំណើនសេដ្ឋកិច្ច ក្នុងប្រទេសរបស់ខ្លួន និងក្នុងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ។

អត្ថបទដែលជាប់ទាក់ទង