អាជ្ញាធរខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល និងផ្ដល់អំណោយដល់សមាគមមនុស្សចាស់នៅស្រុកពញាក្រែក ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ
អាជ្ញាធរខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល និងផ្ដល់អំណោយដល់សមាគមមនុស្សចាស់នៅស្រុកពញាក្រែក ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ
( ត្បូងឃ្មុំ ):
ឯកឧត្ដម តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងឯកឧត្ដម ចេង ប៊ុណ្ណារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជា អធិបតីភាព ចួបសំណេះសំណាល់ជាមួយមនុស្សចាស់ក្នុងស្រុកពញាក្រែក ក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០២២ ដែលប្រារព្ធធើ្វនៅវត្តកណ្ដោលជ្រុំ ស្ថិតនៅឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ ។
បើតាមរបាយការណ៍របស់លោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ អនុគណៈកម្មាធិការដើម្បីមនុស្សចាស់ខេត្តត្បូងឃ្មុំ ខិតខំសម្រេចបានក្នុងរយៈពេលកន្លងមករួមមាន៖ មន្ទីរសង្គមកិច្ចខេត្ត បានបង្កើតសមាគមមនុស្សចាស់នៅតាមបណ្ដាឃុំ/សង្កាត់ក្នុងខេត្តត្បូងឃ្មុំ បានចំនួន៦៤ឃុំ/សង្កាត់ មានសមាជិកសរុបចំនួន៦.៨៧៦នាក់ ស្រី២.៨៦៥នាក់ ។
ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្ដម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត បានអាននូវសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០២២ ។
ក្នុងសារលិខិតរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើជូនប្រជាពលរដ្ឋក្នុងទិវាមនុស្សចាស់នាពេលនេះ មានខ្លឹមសារថា ថ្ងៃនេះប្រជាជាតិកម្ពុជាមានសេចក្ដីរីករាយដោយបានចូលរួមជាមួយប្រជាជាតិទូទាំងពិភពលោកប្រារព្ធពិធីអបអរសាទរ « ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០២២ » ក្រោមប្រធានបទ « មនុស្សវ័យចាស់ជាមរតកដ៏សំខាន់ក្នុងការ អភិវឌ្ឍគ្រួសារ និងសង្គម » ដែលជាទិវាមួយសម្រាប់រំលឹកគុណដល់មនុស្សវ័យចាស់កម្ពុជា ក៏ដូចជាមនុស្សវ័យចាស់នៅទូទាំងសកលលោក និងលើកកម្ពស់មនសិការទទួលខុសត្រូវរបស់យើងក្នុងការចូលរួមកសាងសង្គមជាតិមួយដែលមានការយកចិត្តទុកដាក់កាន់តែខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាជនគ្រប់វ័យ ជាពិសេសចំពោះមនុស្សវ័យចាស់ ។
ថ្លែងនាឱកាសនោះ ឯកឧត្ដម តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា កម្ពុជាយើងមានប្រពៃណី ទំនៀមទម្លាប់ដ៏ល្អ កេរមរតកសម្បត្តិវប្បធម៌ ដែលសម្បូណ៌បែប និងសមិទ្ធផលទាំងឡាយ ហើយត្រូវបានរក្សាគង់វង្ស រហូតមកដល់សព្វថ្ងៃនេះ។ ជាងនេះទៅទៀត ព្រឹទ្ធឱវាទ និងដំបូន្មានចាស់ទុំ គឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការ អប់រំសីលធម៌ និងចរិយាធម៌របស់សង្គមជាតិយើង ។
ឯកឧត្ដម បានបន្តទៀតថា នៅក្នុងន័យនេះ ដើម្បីសម្ដែងនូវការដឹងគុណចំពោះ គុណូបការៈដ៏ថ្លៃថ្លារបស់ មនុស្សវ័យចាស់ រាជរដ្ឋាភិបាល បានរៀបចំនិងបង្កើតបទដ្ឋានគតិយុត្ត និងគោលនយោបាយជាតិជាបន្តបន្ទាប់ សំដៅ លើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យបានល្អប្រសើរឡើង ក្នុងនោះមានជាអាទិ៍ការផ្តល់ជូននូវរបបសន្តិសុខ សង្គមសម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត ការបង្កើត មូលនិធិជនពិការ របបគោល នយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍ ។
ក្នុងឱកាស នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០២១ ឯកឧត្ដម តូច ចាន់នី និង ឯកឧត្ដម អភិបាលរងខេត្ត បានឧបត្ថម្ភដល់លោកតា លោកយាយ ដែលជាសមាជិកមនុស្សចាស់ចំនួន២០០នាក់ ដែលជាសមាភាពថ្នាក់ដឹងនាំ សមាគមមនុស្សចាស់គ្រប់ឃុំ សង្កាត់ ទូទាំងខេត្ត ដោយក្នុងមួយនាក់ៗ ទទួលបានឃីត១កញ្ជប់ និងថវិការមួយចំនួនផងដែរ ៕ សុខ ផន