អភិបាលខេត្តត្បូងឃ្មុំ នាំយកស្រូវពូជជាង២១តោន ជាជំនួយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនដល់ប្រជាកសិករជិត៣០០គ្រួសារ ក្នុងស្រុកអូរាំងឪ ស្រែស្រូវរងការខូចខាតដោយទឹកជំនន់ មានអាទិភាពអាចស្ដារឡើងវិញបាន
អភិបាលខេត្តត្បូងឃ្មុំ នាំយកស្រូវពូជជាង២១តោន ជាជំនួយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនដល់ប្រជាកសិករជិត៣០០គ្រួសារ ក្នុងស្រុកអូរាំងឪ ស្រែស្រូវរងការខូចខាតដោយទឹកជំនន់ មានអាទិភាពអាចស្ដារឡើងវិញបាន
(ត្បូងឃ្មុំ):
សុខទុក្ខរបស់ពលរដ្ឋ ជាកិច្ចការរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ រសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះសួរសុខទុក្ខនាំយកស្រូវពូជចំនួន ២១.៦៥០ គីឡូក្រាម ជាជំនួយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកផ្ដល់ជូនប្រជាកសិករអាទិភាពមានដីស្រែអាចស្ដារឡើងវិញបាន ២៨៤ គ្រួសារក្នុងចំណោមគ្រួសារដែលមានដំណាំស្រូវ រងការខូចខាតដោយទឹកជំនន់ទឹកភ្លៀង នាពេលកន្លងទៅ ក្នុងឃុំព្រះធាតុ និងឃុំមៀន ស្មើនឹង ១៧ ភូមិ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
ពិធីចុះសំណេះសំណាល និងប្រគល់ពូជស្រូវនេះ ធ្វើឡើងនៅបរិវេណវត្តទួលឃ្លាំង ស្ថិតនៅភូមិទួលឃ្លាំង ឃុំព្រះធាតុ ស្រុកអូរាំងឪ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានអនុ-ប្រធានមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន ប្រជាកសិករ និងអ្នកពាក់ព័ន្ធ ។
មានប្រសាសន៍ទៅកាន់បងប្អូនប្រជាសិករនាឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ស្រូវពូជទាំងនេះ ត្រូវបានរាជរដ្ឋាភិបាល ផ្ដល់ជូនប្រជាកសិករអាទិភាពមានដីស្រែអាចស្ដារឡើងវិញបាន ក្រោយរងផលប៉ះពាល់ខូចខាតដោយទឹកជំនន់ទឹកទន្លេមេគង្គ និងទឹកភ្លៀង នាពេលកន្លងមក ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដាំផ្ញើនូវការសួរសុខទុក្ខ និងសម្ដែងការព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទាំងអស់ផងដែរ ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បន្តថា ក្នុងរយៈពេលដែលប្រជាពលរដ្ឋ ទទួលរងនៅការលំបាកគ្រោះទឹកជំនន់ រដ្ឋបាលខេត្តត្បូងឃ្មុំ អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ បានចូលរួមជួយសង្គ្រោះ និងរំដោះបងប្អូនប្រជាពលរដ្ឋ ឲ្យមានសុខសត្ថិភាព ថែមទាំងបានផ្ដល់ស្បៀងអាហារឲ្យបានគ្រប់គ្រាន់ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់ដល់ពុំបានដឹងឮពីអាជ្ញាធរឡើយ។ បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានបន្តខិតខំ អនុវត្តនៃយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងការជំរុញការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ រក្សាបាននៅសន្តិសុខស្បៀងអាហារ ជូនដល់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ និងបានដោះស្រាយបញ្ញាប្រឈមពីគ្រោះទឹកជំនន់ផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានសំណូមពរ និងណែនាំដល់ប្រជាកសិករទាំងអស់ សូមយកពូជស្រូវទាំងនេះទៅបង្កបង្កើនផល ក្នុងការស្ដារឡើងវិញ ដើម្បីជួយដល់ជីវភាពរស់នៅរបស់បងប្អូន ជាពិសេសកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានត្រូវបន្តសហការគ្នាអនុវត្តន៍ឲ្យខានតែបាន នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធ្វើអោយភូមិ/ឃុំ ប្រែជា” ភូមិ ឃុំ ស ស្អាត ” ធានាបានសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ការខូចខាតដោយគ្រោះធម្មជាតិទឹកជំនន់ នៅក្នុងស្រុកអូររាំងឪនេះ មានចំនួន២ឃុំ ស្មើ១៧ភូមិ មានគ្រួសារ រងផលប៉ះពាល់ ហើយមានអាទិភាពអាចស្ដារឡើងវិញបាន មានចំនួន២៨៤គ្រួសារ តម្រូវការពូជស្រួវចំនួន ២១.៦៥០ គីឡូក្រាម ក្នុងនោះឃុំព្រះធាតុមានចំនួន ៩ ភូមិ ស្មើនឹង ១៣០ ហិកតា មានតម្រូវការស្រូវពូជ ១៥.៨០០ គីឡូក្រាម និងសម្រាប់ឃុំមៀន មានចំនួន៨ភូមិ ស្មើនឹងចំនួន៧០ហិកតា មានតម្រូវការស្រូវពូជ ៥.៨៥០ គីឡូក្រាម ៕ សុខ ផន