ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ សម្តេចតេជោ តែងបានតម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាកត្តាអាទិភាពចម្បង

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមហាប្រាសាទព្រះគន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តវេទ្បុវ័ន ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងបានតម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាកត្តាអាទិភាពចម្បង ហើយតែងនៅបម្រើការពារក្នុងគ្រប់កាលៈទេសៈ ដោយមិនដែលមានពេលម្តងណាបានរត់ចោល និងបោះបង់ប្រជាពលរដ្ឋឡើយ។ ការលះបង់ដ៏ធំធេងនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការស្រលាញ់ គាំទ្រ និងជឿជាក់លើ សម្តេចតេជោ ជារៀងរហូតមក។

ក្នុងឱកាសនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំ និងខេត្តកណ្តាល ក៏ដូចជានៅទូទាំងប្រទេស ដែលតែងចូលរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង។ ជាមួយគ្នានេះផងដែរ ក៏សូមអរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការរដ្ឋបាលខេត្តកណ្តាល និងមន្ទីរជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងលោកគ្រូអ្នកគ្រូ ដែលបាន និងកំពុងយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ។

ការប្រារព្ធពិធីក្នុងទីអារាមដែលត្រូវបានកសាងក្នុងឆ្នាំ១៩៥៣ នេះ គឺស្របពេលនៃការរំឭកខួបទី១០នៃការយាងចូលព្រះទិវង្គតរបស់ ព្រះបរមរតនកោដ្ឋ ហើយក៏ជាការរំឭកផងដែរអំពីសមិទ្ធផលដ៏ធំបំផុតមួយ ដែលព្រះអង្គសម្រេចបាន គឺការនាំឯករាជ្យជាតិមកជូនប្រជាពលរដ្ឋកម្ពុជា។ ក្នុងអំទ្បុងពេលនោះហើយ ដែលចាប់ផ្តើមមានការកសាង និងអភិវឌ្ឍប្រទេសរីកចម្រើនលើគ្រប់វិស័យ ប៉ុន្តែជាអកុសលរដ្ឋប្រហារក្នុងឆ្នាំ១៩៧០ បានបង្កជាភ្លើងសង្គ្រាម និងបន្តរហូតមកដល់របបប៉ុលពត ដោយមានការកាប់សម្លាប់ប្រជាពលរដ្ឋយ៉ាងឃោរឃៅ ហើយរាល់សមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធជាតិទាំងអស់ ត្រូវបានបំផ្លិចបំផ្លាញស្ទើរគ្មានសេសសល់។ បរិការណ៍នេះ បានសបញ្ជាក់ថា ព្រះករុណណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានដឹកនាំប្រទេសប្រកបដោយអំពើបុណ្យកុសល ដោយបាននាំមកនូវសន្តិភាព និងភាពរុងរឿងជូនជាតិ និងប្រជាពលរដ្ឋ ហើយបើទោះបីជាព្រះអង្គសោយព្រះទិវង្គតទៅពិតមែន ក៏នៅតែបន្សល់ទុកនូវព្រះកិត្តិនាមដ៏ក្រអូបដក់ជាប់នៅក្នុងដួងចិត្ត របស់ប្រជាជនកម្ពុជាគ្រប់ៗរូប៕

 

អត្ថបទដែលជាប់ទាក់ទង