គ្រួសារ យោធិន ដែលមានជីវភាពលំបាកខ្វះខាត ទទួលអំណោយគ្រឿងឧបភោគបរិភោគពីឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ 

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី បន្តនាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយរបស់ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនគ្រួសារយោធិន ដែលរស់នៅក្នុងទីតាំងបន្ទាយកងវរសេនាតូចលេខ១នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន ២០គ្រួសារ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលលោកទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងទ័ពនិងគ្រួសារកងទ័ពនៅទូទាំងប្រទេសពិសេស នៅខេត្តកំពង់ធំយើង ក្នុងឱកាសដែលកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅពេលនេះ  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ក្រុមគ្រួសារយោធិនទាំងអស់ ដែលរស់នៅក្នុងទីតាំងបន្ទាយត្រូវខិតខំថែរក្សាសុខភាពអនាម័យ ក្នុងការបរិភោគចំណីអាហារជៀសវាងឆ្លងជំងឺដង្កាត់ផ្សេងៗ។ជាមួយនោះដែរមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំដល់បងប្អូនក្រុមគ្រួសារយោធិនទាំងអស់ ត្រូវតែឧស្សាហ៍ព្យាយាមក្នុងការបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃ គួបផ្សំនិងគោលរបបនិងប្រាក់បៀរវត្ស ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនថា អំណោយដែលបានឧបត្ថម្ភជូនបងប្អូនក្រុមគ្រួសារយោធិន ដែលរស់នៅក្នុងទីតាំងបន្ទាយនេះ គឺជាអំណោយរបស់ឯកឧត្តម ហ៊ុនម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានឧបត្ថម្ភជូនគ្រួសារយោធិនចំនួន២០គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាតនៅពេលនេះដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកពិសាបរិសុទ្ធចំនួ១កេសនិងត្រីខកំប៉ុងចំនួន១យួរផងដែរ។

លោកវរសេនីយ៍ទោ ថនស៊ី សក្កា មេបញ្ជាការកងវរសេនាតូចលេខ១នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  តំណាងឲ្យក្រុមគ្រួសារយោធិន សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយដោះស្រាយនូវទុក្ខលំបាក របស់ពួកគាត់បានទាន់ពេលវេលានៅពេលនេះ និងសូមគោរពជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំង៥ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង