សម្ដេចក្រឡាហោម ស ខេង ៖ បុណ្យអុំទូកប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់គំរូវិរភាពដ៏អង់អាចក្លាហានរបស់ កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីពីការជិះជាន់របស់ពួកខ្មាំងសត្រូវ
អំឡុងពេលអញ្ជើញចូលរួមក្នុងពិធីប្រណាំងទូកប្រពៃណីជាតិរយៈពេល២ថ្ងៃ ដោយមានទូកង ទូកខ្នាតអន្តរជាតិ ចូលរួមប្រណាំងចំនួន២១គូ មកពីមូលដ្ឋានក្រុង ស្រុក ចំណុះរដ្ឋបាលខេត្តព្រៃវែង មកពីខេត្តកណ្ដាល និងរាជធានីភ្នំពេញ ដែលរដ្ឋបាលខេត្តព្រៃវែងបានរៀបចំឡើង ក្រឡាហោម ស ខេង បានថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអាជ្ញាធរពាក់ព័ន្ធ និង កងកម្លាំងទាំងអស់ ដែលបានចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ បង្កបរិយាកាស សុខសន្តិភាព សុវត្ថិភាព និងផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋដើរលេង កំសាន្តជួបជុំ គ្រួសារ ញាំងអោយពិធីបុណ្យអុំទូក បណ្ដែតប្រទីប ដែលជាបុណ្យប្រពៃណីជាតិដ៏ធំ និងមានសារៈសំខាន់នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ សាមគ្គីភាព ភាតរភាព ក្នុងនាមជាមហាគ្រួសារខ្មែរ ក្រោមដំបូលនៃសុខសន្តិភាពនៅកម្ពុជា។ សម្តេចក្រឡាហោមស ខេង ក៏បានបង្ហាញក្តី សោមនស្សរីករាយដែលមានឱកាសបានអញ្ជើញចូលរួមទស្សនា ការប្រណាំងទូកជើងចុងក្រោយនាឱកាសនេះ និងកោតសរសើរកីឡាកររួមទាំងគណៈកម្មការទូកទាំងអស់ ដែលបាននាំទូកមកចូលរួមប្រណាំងយ៉ាងសប្បាយរីករាយ។ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍លើកឡើងបន្តទៀតថាអំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែលមានតាំង ពីយូរលង់ណាស់មកហើយ គឺពិធីបុណ្យអុំទូកត្រូវបានប្រារព្ធធ្វើតាំងពី សម័យបុរាណកាលមកក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ក្នុងឆ្នាំ១១៨១នៃគ.ស រហូតមកដល់បច្ចុប្បន្ន។ បុណ្យអុំទូកប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់គំរូវិរភាពដ៏ អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរដែលបានរំដោះទឹកដីពីការជិះជាន់របស់ ពួកខ្មាំងសត្រូវ។ម្យ៉ាងទៀត គឺក្នុងគោលបំណងដឹងគុណដល់ព្រះគង្គា និងព្រះធរណី ដែលបានផ្តល់សុខុមាលភាពនិងជីវភាពរស់នៅ ។ហើយទោះបីប្រទេសយើង សំបូរទៅដោយមរតកវប្បធម៌រូបិយ និងអរូបិយច្រើនក៏ ដោយ ការររៀបចំប្រារព្ធពិធីរំលឹកឡើងវិញនៃមរតកទាំងនោះបានដោយរលូន និងមានប្រជាពលរដ្ឋចូលរួមយ៉ាង ច្រើនកុះករក៏ព្រោះតែប្រទេសយើងស្ថិតនៅ ក្នុងកាលៈទេសៈពោរពេញដោយសន្តិភាពនិងការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការ ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ។ សូមគូសបញ្ជាក់ផងដែរថា ពិធីប្រណាំងទូកង ខេត្តព្រៃវែង ឆ្នាំ២០២២នេះ ជ័យលាភីទូកលេខ១ ខ្នាតអន្តរជាតិមាន៥ទូក រួមមាន៖ ទូកចំប៉ាសួស្ដីសម័យតេជោ, ទូកយុវជនវាលស្បូវស្រលាញ់សន្តិភាព, ទូកកំពង់អាទង់សសុខាសែនជ័យ, ទូកសេងហុងឡាក់គីសុធីសមាគមសែនជ័យ និងទូកពេជ្រមុនីសែនជ័យបារមីដំបងដែក ។ ចំណែកទូកអុំបុរសខ្នាតវែង ទូកជ័យលាភីលេខ១ មាន៣ទូក រួមមាន៖ ទូកសាមីតេជោសែនជ័យចំប៉ាសួស្ដីរស្មីអង្គរ, ទូកកំពូលពេជ្រទៀបាញ់សែនជ័យ និងទូកសព្រួញពេជ្រ៕