ជំនួបសម្តែងការគួរសមរវាងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង ឯកឧត្តម Jose Ramos Horta

ជំនួបសម្តែងការគួរសមរវាងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង ឯកឧត្តម Jose Ramos Horta

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Jose Ramos Horta ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតកាលពីល្ងាចថ្ងៃទី ១៩ តុលា នេះបើយោងតាមហ្វេសបុកផ្លូវការរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

នៅក្នុងឱកាសនោះដែលឯកឧត្តមប្រធានាធិបតី កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាក្រៅពីដើម្បីពង្រឹងចំណងមិត្តភាពដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស និងប្រជាជនទាំងពីរ ឯកឧត្តមប្រធានាធិបតី និងលោកឧត្តមសេនីយ៍ ក៏បានផ្លាស់ប្តូរយោបល់គ្នាផងដែរ អំពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនដូចជាការវិនិយោគ ពាណិជ្ជកម្មនាំចេញ-នាំចូល កសិកម្ម វិស័យអប់រំ ថាមពល និងការបើកជើងហោះហើរត្រង់ជាដើម។ សូមបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តម បណ្ឌិត Jose Ramos-Horta ក៏បានក្រាបថ្វាយបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំង ជំនួបជាមួយនឹងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជំនួបជាមួយនឹងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះនៅថ្ងៃបន្ទាប់សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតីទីម័រខាងកើត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខា លើឯកសារទ្វេភាគីដ៏មានសារសំខាន់ចំនួនពីររួមមាន៖ កិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ ស្តីពីពាណិជ្ជកម្មស្រូវរវាងប្រទេសទាំងពីរ៕

 

អត្ថបទដែលជាប់ទាក់ទង