មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំកងកម្លាំងរៀបចំស្រូវពូជអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ត្រៀមចែកជូនប្រជាពលរដ្ឋ
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំកងកម្លាំងរៀបចំស្រូវពូជអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ត្រៀមចែកជូនប្រជាពលរដ្ឋ
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកម្លាំងកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទម្លាក់ និងរៀបចំស្រូវពូជអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពីលើរថយន្ត ដើម្បីត្រៀមរៀបចំទុកចែកជូនប្រជាជន ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅខេត្តកំពង់ធំ នាពេលខាងមុខ ។ កាលពី សៀលថ្ងៃអាទិត្យទី២៣ ខែតុលា ឆ្នាំ២០២២ នេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថាកន្លងមកនេះ ដំណាំស្រូវជាង ១២.០០០ហិតា នៅទូទាំងខេត្តកំពង់ធំត្រូវបានខូចខាតទាំងស្រុងដោយជំនន់ទឹកភ្លៀង ដែលនៅពេលនេះ ប្រជាពលរដ្ឋត្រូវការស្រូវពូជ ដើម្បីបង្កបង្កើនផលស្រូវឡើងវិញនៅរដូវទឹកសម្រក នាពេលខាងមុខ ហើយប្រជាពលរដ្ឋនៅតាមបណ្ដាស្រុកមួយចំនួន បានទទួលពូជស្រូវមួយចំនួនរួចហើយ ដោយឡែកប្រជាជនជាង៦.៨០០គ្រួសារផ្សេងទៀត ដែលនឹងត្រូវបន្តទទួលពូជស្រូវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដែលនឹងត្រូវចែកជូននៅពេលខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដើម្បីជូនប្រជាជនយើងយកទៅបង្កបង្កើនផលបានទាន់ពេលវេលា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវហ៊ានលះបង់គ្រប់បែបយ៉ាង ទាំងកម្លាំងកាយនិងកម្លាំងចិត្ត ដើម្បីការពារ និងបម្រើប្រជាជននៅពេលដែលប្រជាជនមានទុក្ខលំបាក ព្រោះកងទ័ពជាកូនចៅរបស់ប្រជាជន អ្វីដើម្បីប្រជាជន៕