សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានរយៈពេល ៩ ខែ និងលើកទិសដៅការងារប្រចាំត្រីមាសទី ៤ ឆ្នាំ ២០២២
ត្បូងឃ្មុំ : ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២ ២នេះ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានរយៈពេល ៩ ខែ និងលើកទិសដៅការងារបន្ត របស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ប្រចាំត្រីមាសទី ៤ ឆ្នាំ ២០២២ ។
ក្នុងកិច្ចប្រជុំនោះធ្វើឡើងនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី សំណាក់ឯកឧត្តម លោកជំទាវ អនុប្រធានសមាជិកគណៈកម្មាធិការសាខាកាកាកបាទក្រហមខេត្ត នាយក-នាយករងសាខាខេត្ត ប្រធាន-អនុប្រធាន អនុសាខាស្រុក/ក្រុង និងអ្នកពាក់ព័ន្ធ ។
ក្នុងឳកាសនោះ លោក វង វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានឡើងធ្វើបទបង្ហាញស្តីពីលទ្ធផលការងារ រយៈពេល ៩ ខែ ដើមឆ្នាំ ២០២២ របស់សាខា បន្ទាប់មករបាយការណ៍ស្តីពីចំណូល ចំណាយហិរញ្ញវត្ថុរបស់សាខារយៈពេល៣ត្រីមាសដោយលោក ហ៊ឹម ហ៊ុន នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្ត។
ថ្លែងនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាខេត្ត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាង សកម្ម ធ្វើជាសេនាធិការអោយគណៈកម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើអោយវិស័យស្នូលទាំង ៤ របស់សាខាកាកបាទក្រហមខេត្ត រយៈពេល៩ខែដើមឆ្នាំនេះ សម្រេចបានលទ្ធផលគួរជាទីមោទនៈ ពិសេសការផ្តល់ជំនួយសង្រ្គោះផ្តល់អំណោយមនុស្សធម៌ជូនជនរងគ្រោះដោយមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះដែលខ្វះខាតជីវភាពបានទាន់ពេលវេលា ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំអំពីវិធានការមួយចំនួនសម្រាប់អនុវត្តបន្ត រយៈពេល៣ខែចុងឆ្នាំនេះ ពិសេសត្រូវយកចិត្តទុកដាក់បន្តការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោករួមជាមួយការទប់ស្កាត់ការឆ្លងជំងឺនានាអោយបានជាប្រចាំ និងការពង្រឹងរបៀបរបបធ្វើការងារ ពង្រឹងរចនាសម្ព័ន្ធចាត់តាំងកាកបាទក្រហមកម្ពុជា តាមអនុសាខា ក្រុង ស្រុក ឃុំ សង្កាត់ ការត្រៀមគ្រប់កម្លាំង មធ្យោបាយ ស្បៀង សម្ភារ និងថវិកាដើម្បីម្ចាស់ការអន្តរាគមន៍ផ្តល់ជំនួយសង្រ្គោះបន្ទាន់បានទាន់ពេលវេលា ពេលមានគ្រោះមហន្តរាយកើតឡើងភ្លាមៗ ពិសេសគ្រោះធម្មជាតិផ្សេងៗ និងរៀបចំផែនការសកម្មភាពសម្រាប់សាខាអនុវត្តក្នុងឆ្នាំ ២០២២ អោយមានតម្លាភាពប្រសិទ្ធភាពនិងប្រសិទ្ធិផលខ្ពស់ ៕ សុខ ផន