ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម ឌិត ទីណា ធ្វើទស្សនកិច្ចសិក្សានៅរោងចក្រម៉ាស៊ីនកិនស្រូវ នៅខេត្តបាត់ដំបង
ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម ឌិត ទីណា ធ្វើទស្សនកិច្ចសិក្សានៅរោងចក្រម៉ាស៊ីនកិនស្រូវ នៅខេត្តបាត់ដំបង
ក្រោយពីបានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ ឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សិក្សាអំពីការផលិតស្រូវពូជគុណភាពខ្ពស់ ដើម្បីផ្គត់ផ្គង់ជូនដល់ប្រជាកសិករខ្មែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយជាមួយភាគីពាក់ព័ន្ធនៅក្នុងខ្សែច្រវាក់ផលិតកម្មស្រូវ ដើម្បីពិភាក្សាអំពីរឿងនេះ។
កិច្ចប្រជុំនេះ ធ្វើឡើងនាវេលាថ្ងៃដដែល នៅក្រុមហ៊ុនបៃតងកម្ពុជា នាខេត្តបាត់ដំបង រវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោកឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនបៃតងកម្ពុជា តំណាងរោងម៉ាស៊ីនកិនស្រូវ ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ដូចជាភ្នាក់ងារប្រមូលទិញស្រូវ និងអ្នកផលិតពូជស្រូវសម្រាប់ផ្គត់ផ្គង់ដល់ប្រជាកសិករ។ នៅក្នុងកិច្ចប្រជុំដែលមានរយៈពេលជាងមួយម៉ោង ភាគីពាក់ព័ន្ធទាំងអស់បានផ្ដោះប្ដូរយោបល់គ្នាយ៉ាងផុលផុសអំពីសេណារីយ៉ូទាំងឡាយណា ដែលអាចឈានទៅកាត់បន្ថយចំណាយរបស់ប្រជាកសិករ។
ការពិភាក្សាគ្នាយ៉ាងលម្អិតនិងសព្វជ្រុងជ្រោយប្រកបដោយលក្ខណៈស្ថាបនា ជាពិសេសទាក់ទនឹងទៅនឹងផែនការផលិតពូជស្រូវដែលមានគុណភាពខ្ពស់សម្រាប់ប្រជាកសិករឱ្យសមស្របទៅតាមតម្រូវការទីផ្សារ បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងក្ដីសង្ឃឹមថា ផែនការយុទ្ធសាស្ត្រថ្មីនេះនឹងអាចជួយគាំទ្រខ្សែច្រវាក់ផលិតកម្មស្រូវឱ្យមានភាពរលូនជាងមុន ចាប់តាំងពីនៅវាលស្រែរហូតដល់ទីផ្សារតែម្ដង ធ្វើយ៉ាងណាជួយដល់ប្រជាកសិករឱ្យទទួលបានទិន្នផលស្រូវប្រសើរជាងមុន ទាំងគុណភាពនិងបរិមាណ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្ដាប់នូវធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងបានផ្ដល់យុទ្ធសាស្ត្រដោះស្រាយតាមលក្ខណៈវិទ្យាសាស្ត្រ ធ្វើយ៉ាងណាកាត់បន្ថយឱ្យបានជាអតិបរមានូវការប្រឈមចំពោះមុខ ដើម្បីឈានទៅសម្រេចឱ្យបាន ការផ្គត់ផ្គង់ស្រូវពូជដែលមានគុណភាព ផ្ដល់ទិន្នផលខ្ពស់ កាត់បន្ថយការចំណាយ ដែលអាចអនុញ្ញាតឱ្យបងប្អូនប្រជាកសិករទទួលបានផលចំណេញច្រើនជាងមុន៕