សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី៖ សូមឱ្យបង្កើតក្រុមកាងារអន្តរអគ្គនាយកដ្ឋានដើម្បីដោះស្រាយបញ្ហាអត្តសញ្ញាណបណ្ណអស់សុពលភាពនេះជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី៖ សូមឱ្យបង្កើតក្រុមកាងារអន្តរអគ្គនាយកដ្ឋានដើម្បីដោះស្រាយបញ្ហាអត្តសញ្ញាណបណ្ណអស់សុពលភាពនេះជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស
ថ្លែងបើកកិច្ចប្រជុំនាឱកាសជាមួយនឹងមន្រ្តីក្រោមឱវាទ សម្តេចក្រឡាហោម ស ខេង បានថ្លែងនូវការកោតសើរនិងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដែលបានធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធការងារអត្តសញ្ញាណបណ្ណដែលផុតសុពលភាព ។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងថា អាស្រ័យដោយមានការចាំបាច់សម្ដេចក៏បានស្នើបើកកិច្ចប្រជុំនាថ្ងៃនេះដើម្បីស្ដាប់របាយការណ៍និងរកដំណោះស្រាយប្រសិនបើមានបញ្ហាប្រឈម ទាក់ទងនឹងការផុតសុពលភាពអត្តសញ្ញាណបណ្ណ ស្របពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងដំណើរការចុះឈ្មោះបោះឆ្នោត។នៅក្នុងរបាយការណ៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ កង សាខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជម្រាបជូនឲ្យដឹងថាគិតមកដល់ពេលនេះ មានប្រជាពលរដ្ឋជាង១២លាននាក់ បានទទួលអត្តសញ្ញបណ្ណ ក្នុងនោះអត្តសញ្ញាណបណ្ណត្រូវផុតសុពលភាពនាចុងឆ្នាំ២០២២ មានជាង៨០ម៉ឺននាក់ ខណៈជាមធ្យមបានផ្ដល់អត្តសញ្ញាបណ្ណជូនពលរដ្ឋប្រមាណ៣ពាន់នាក់ក្នុងមួយថ្ងៃ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានទាញការកត់សម្គាល់ដែរថាចំនួនអត្តសញ្ញាណបណ្ណផុតសុពលភាព អាចបន្តកើនឡើងដល់ច្រើនជាង១លាននាក់ បើគិតដល់ខែកក្កដា ឆ្នាំ២០២៣ និងថាក្នុងចំណោមប្រជាពលរដ្ឋ មានអត្តសញ្ញាណបណ្ណត្រូវផុតសុពលភាពនាពេលខាងមុខនោះ មួយចំនួនបានទទួលមរណភាព មួយចំនួនជាប់ពន្ធនាគារ និងមួយចំនួនធំបានធ្វើចំណាកស្រុក។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកបានជម្រាបជូនបន្តទៀតថា សម្រាប់វិធានការដោះស្រាយចំពោះមុខនេះ គឺជំរុញការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងទាមទារការគាំទ្រពីឱ្យបានសកម្មពីអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ដើម្បីឱ្យពលរដ្ឋបានដឹងថាអត្តសញ្ញាណបណ្ណដែលខ្លួនកំពុងប្រើប្រាស់នោះជិតអស់សុពលភាព ហើយចូលរួមបំពេញនីតិវិធីធ្វើអត្តសញ្ញាណបណ្ណថ្មីឡើងវិញ។ សម្តេចក្រឡាហោម ស ខេង ក៏បានផ្តល់នូវអនុសាស៍ណែនាំដល់សូមឱ្យបង្កើតក្រុមកាងារអន្តរអគ្គនាយកដ្ឋាន ដែលមានការចូលរួមសហការ ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានរដ្ឋបាល ដើម្បីដោះស្រាយបញ្ហាអត្តសញ្ញាណបណ្ណអស់សុពលភាពនេះជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស៕