សម្ដេចក្រឡាហោម ស ខេង ៖ ប្រព័ន្ធសង្គមឌីជី បានបង្កើតឱកាសដល់ជនខិលខូចមួយចំនួន ក្នុងការប្រព្រឹត្តិបទល្មើសតាមបច្ចេកវិទ្យា

សម្ដេចក្រឡាហោម ស ខេង ៖ ប្រព័ន្ធសង្គមឌីជី បានបង្កើតឱកាសដល់ជនខិលខូចមួយចំនួន ក្នុងការប្រព្រឹត្តិបទល្មើសតាមបច្ចេកវិទ្យា

សម្តេចបានមានប្រសាសន៍បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យតំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជាចូលជួបសម្ដែងការគួរសម កាលពីរសៀល សៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ ដោយ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក Sadar Uma Alam អ្នកតំណាងអង្គការ UNESCO ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
មានប្រសាសន៍នៅក្នុងឳកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លើឡើងថា ប្រទេសកម្ពុជា ក៏ដូចជា ប្រទេសនានាលើពិភពលោក គឺសុទ្ធសឹងជួបប្រទះបញ្ហាប្រឈមចំពោះមុខ នូវបញ្ហាពាក់ព័ន្ធវិស័យឌីជីថលនេះដែរ។ ជាគោលការណ៍រាជរដ្ឋាភិបាល បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបញ្ចេញមតិ ប៉ុន្ដែទន្ទឹមនឹងនេះ យើងក៏ត្រូវមានការទប់ស្កាត់មតិណាអាចមានផលប៉ះពាល់ដល់ប្រយោជន៍សង្គមផងដែរ។ សម្ដេច ក៏បានឯកភាពថា «នេះគឺជាបញ្ហាស្មុគស្មាញ ដែលទាមទារឱ្យាមានការចែងយ៉ាងច្បាស់រវាង ព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត»។
សម្ដេចក្រឡាហោម បន្ដថា ប្រព័ន្ធសង្គមឌីជីថលនេះ ក៏បានបង្កើតឱកាសដល់ជនខិលខូចមួយចំនួនផងដែរ ក្នុងការប្រព្រឹត្តិបទល្មើសតាមបច្ចេកវិទ្យា ដូចជា ៖ ការឆបោក ការលួចលុយ។ សម្ដេច បានជម្រាបជូន លោក Sadar Uma Alam ថា សម្ដេច ក៏មានផេកហ្វេសប៊ុកផ្ទាល់ខ្លួនផងដែរ បានបើកចំហរឱ្យប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹង ក្នុងនោះ ក៏មានពាក្យបណ្ដឹងបទល្មើសបបច្ចេកវិទ្យាជាច្រើនផងដែរ។ សម្ដេច បានលើកឧទាហរណ៍ ដូចជា ការបោកប្រាស់តាមប្រព័ន្ធអនឡាញជាដើម ហើយ សម្ដេច បានពិនិត្យឃើញថា សមត្ថកិច្ចកម្ពុជានៅមានសមត្ថភាពមានកម្រិតក្នុងការដោះស្រាយ ករណីពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យានេះដែរ។


សម្ដេចក្រឡាហោម បានជម្រាបជូន លោក Sadar Uma Alam បន្ថែមថា សព្វថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំសេចក្ដីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យា ហើយសេចក្ដីព្រាងច្បាប់នេះ កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាជាមួយភាគីពាក់ព័ន្ធដែលក្នុងនោះ ក៏មានអ្នកជំនាញពីសហរដ្ឋអាមេរិកផងដែរ។ ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ ច្បាប់នេះ នៅមិនទាន់មានលក្ខណៈពេញនូវឡើយទាមទារពេលវេលារៀបចំបន្ដទៀត។ ស្ថិតក្រោមក្នុងបរិបទនេះ សម្ដេចក្រឡាហោម ក៏បានសម្ដែងការគាំទ្រចំពោះគំនិតផ្ដួតផ្ដើមរបស់ លោក Sadar Uma Alam ក្នុងការបណ្ដុះបណ្ដាលអក្ខរកម្មវិស័យព័ត៌មានវិទ្យា វិស័យឌីជីថល និងបណ្ដាញសង្គមនេះ។
ជាការឆ្លើយតប លោក Sadar Uma Alam បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ សម្ដេចក្រឡាហោម ស ខេង និងបានឯកភាពចំពោះប្រសាសន៍របស់ សម្ដេចក្រឡាហោម ហើយលោក ជម្រាបជូនសម្ដេច ថា បណ្ដាញសង្គមឌីជីថលថ្មីនេះ គឺបង្កើតឱ្យមានភាពស្មុគស្មាញជាច្រើនដែលវាជាឧបករណ៍ប្រើប្រាស់ដល់មនុស្សគ្រប់ៗរូបរួមទាំងក្មេងៗផងដែរ ដើម្បីដោះស្រាយបញ្ហាខាងលើដែលកើតមានឡើងពីបណ្ដាញសង្គមនេះ គឺទាមទារឱ្យមានការឯកភាពពីភាគីពាក់ព័ន្ធ និងការអប់រំឱ្យមានភាពស៊ីជ្រៅ។
ពាក់ព័ន្ធការអប់រំនេះដែរ លោក Sadar Uma Alam បានជម្រាបជូន សម្ដេចក្រឡាហោម ស ខេង ថា សព្វថ្ងៃនេះ អង្គការ UNESCO កំពុងជំរុញនូវកម្មវិធីមួយដែលហៅថា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមប្រព័ន្ធអ៊ីនធឺណែត ហើយកម្មវិធីនេះ ជាកម្មវិធីអប់រំតាមប្រព័ន្ធអ៊ីនធឺណែតដោយមិនគិតថ្លៃក្រៅប្រព័ន្ធអប់រំរបស់រាជរដ្ឋាភិបាល ដែលផ្ដល់ជូននូវកម្មវិធីអប់រំ ជាមូលដ្ឋានដល់ប្រជាជនចាប់ពីអាយុ ១៤ឆ្នាំឡើង ដើម្បីឱ្យពួកគេអាចបញ្ចប់ការសិក្សា ថ្នាក់មូលដ្ឋាន នៅពេលបញ្ចប់ពួកគេនឹងទទួលបានសញ្ញាប័ត្រផ្លូវការពីក្រសួងអប់រំ ដែលអនុញ្ញាតឱ្យពួកគេបន្ដការសិក្សារបស់ខ្លួន នៅវិទ្យាល័យ ឬក៏វិទ្យាស្ថានវិជ្ជាជីវៈ។


សព្វថ្ងៃ អង្គការ UNESCO មានគំរោងពង្រីញវិសាលភាពនៃកម្មវិធីអប់រំរបៀបនេះទៅដល់ជនជាប់ឃុំ កម្មករទេសន្ដប្រវេសន៍ហើយលោក Sadar Uma Alam ក៏បានស្នើសុំ សម្ដេចក្រឡាហោម ស ខេង ដោយគាំទ្រអនុញ្ញាតឱ្យក្រុមការងារ អង្គការ UNESCO បានជួបជាមួយក្រុមការងារក្រសួងមហាផ្ទៃ ដើម្បីសិក្សាពិនិត្យលទ្ធភាពអនុវត្តគ្រោងនេះឱ្យចេញជាសកម្មភាពជាក់ស្ដែង។
ជាការឆ្លើយតបនឹងការលើកឡើងរបស់ លោក Sadar Uma Alam នោះ សម្ដេចក្រឡាហោម ស ខេង សម្ដែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអប់រំដល់កម្មករទេសន្ដប្រវេសន៍ ដែល សម្ដេច បានលើកឡើងថា ទេសន្ដប្រវេសន៍ មួយចំនួនបានចេញធ្វើការដោយខុសច្បាប់ ដែលនាំឱ្យពួកគេប្រឈមនឹងការបាតបង់ផលប្រយោជន៍ផ្សេងៗ។ សព្វថ្ងៃកម្ពុជា ក៏មានយន្ដការសម្រាប់ទទួលពលករទេសន្ដប្រវេសន៍ ដែលត្រឡប់មកពីក្រៅប្រទេសវិញ មានមណ្ឌលរង់ចំា ហើយក៏មានមធ្យោបាយធ្វើដំណើរ ដើម្បីនាំពួកគេទៅដល់ស្រុកកំណើតផងដែរ។
ក្នុងន័យនេះការអប់រំមូលដ្ឋាន គឺពិតជាមានសារៈសំខាន់ដល់ពួកគេ ហើយ សម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែងនូវការគាំទ្រដល់គំនិតផ្ដួតផ្ដើមរបស់ អង្គការ UNESCO ព្រមទាំងត្រៀមចាត់មន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីសហការជាមួយអង្គការ ដើម្បីឈានទៅដល់សកម្មភាពជាក់ស្ដែង៕

អត្ថបទដែលជាប់ទាក់ទង