សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ជូនតំណាងអង្គការយូនីស្កូប្រចាំកម្ពុជាថា៖ កម្ពុជាបើកឲ្យមានការបញ្ចេញមតិដោយសេរី ប៉ុន្តែកម្ពុជាក៏ត្រូវបន្តទប់ស្កាត់អ្វីដែលប៉ះពាល់ផលប្រយោជន៍សង្គមដែរ
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ជូនតំណាងអង្គការយូនីស្កូប្រចាំកម្ពុជាថា៖ កម្ពុជាបើកឲ្យមានការបញ្ចេញមតិដោយសេរី ប៉ុន្តែកម្ពុជាក៏ត្រូវបន្តទប់ស្កាត់អ្វីដែលប៉ះពាល់ផលប្រយោជន៍សង្គមដែរ
ក្នុងឱកាសជំនួបពិភាក្សាការងាររវាងសម្ដេចក្រឡាហោម ស ខេង និងលោក Sardar Umar Alam សម្តេចក្រឡាហោមបានថ្លែងអំណរគុណដល់អង្គការ យូនីស្កូ ដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជាជាច្រើនឆ្នាំ និងច្រើនវិស័យ។ សម្ដេចក៏បានរម្លឹកផងដែរថា កម្ពុជាបានចូលជាសមាជិកអង្គការ យូនីស្កូ នៅឆ្នាំ១៩៥១ ដែលជាឆ្នាំបង្កើតអង្គការ ប៉ុន្តែកិច្ចសហការជាមួយគ្នាក៏ធ្លាប់បានអាក់ខានមួយរយៈដោយសារស្ថានភាពសង្គ្រាមផ្ទៃក្នុងរបស់កម្ពុជា។លោក Sardar Umar Alam តំណាងអង្គការយូនីស្កូ បានថ្លែងអំណរគុណសម្ដេចក្រឡាហោម ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសម។ លោកក៏បានឆ្លៀតកោតសរសើររាជរដ្ឋាភិបាលកម្ពុជាលើការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ រួមទាំងការចាក់វ៉ាក់ជូនប្រជាជន ហើយដែលក្នុងនោះរូបលោកផ្ទាល់ក៏ទទួលបានការចាក់វ៉ាក់សាំងដូសទី៥។
លោកក៏រីករាយដែលសង្កេតឃើញយុទ្ធនាការសុខាភិបាលមួយនេះប្រព្រឹត្តទៅដោយស្មើភាព និងគ្មានការរើសអើង។លោកបានរម្លឹកថា ចាប់តាំងពីបើកការិយាល័យឡើងវិញនៅកម្ពុជាឆ្នាំ១៩៩១ យូនីស្កូ បានជួយកម្ពុជាលើវិស័យវប្បធម៌ អប់រំ ព័ត៌មាន និងសារគមនាគមន៍ វិទ្យាសាស្រ្តធម្មជាតិ សង្គមសាស្រ្ត និងមនុស្សសាស្រ្ត។ លោកបន្តថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ យូនីស្កូ បានផ្ដោតលើការអប់រំអក្ខរកម្មតាមរោងចក្រ និងអនុវត្តកម្មវិធីអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធើណែត និងបានពង្រីកវិសាលភាពការងារពាក់ព័ន្ធការបញ្ចេញមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ។ លោកបានជម្រាបជូនបន្តទៀតថា បណ្ដាញសង្គមបច្ចុប្បន្ន បានផ្លាស់ប្ដូររបៀបទទួលព័ត៌មានរបស់សាធារណជន ហើយក៏បង្កើតជាបញ្ហាស្មុគស្មាញដល់អ្នកប្រើប្រាស់ និងរាជរដ្ឋាភិបាលដែរ។ លោកថា ក្នុងនោះបណ្ដាញសង្គម ក៏បង្កើតជាផលប៉ះពាល់ផ្សេងទៀត ដូចជាបទល្មើសបច្ចេកវិទ្យាជាដើម។ លោកថា យូនីស្កូ បានផ្ដល់ការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលកម្ពុជាពាក់ព័ន្ធនឹងអក្ខរកម្មឌីជីថល និងបណ្ដាញសង្គមដើម្បីប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានប្រកបដោយការរើសអើង។ពាក់ព័ន្ធនឹងបញ្ហានេះដែរ តំណាងអង្គការ យូនីស្កូ ប្រចាំកម្ពុជារូបនេះ ក៏បានជម្រាបជូនសម្ដេចដែរថា អង្គការ យូនីស្កូ មានធនធាននិងចង់ស្នើសុំសម្ដេចក្រឡាហោម ដើម្បីពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃលើការងារបណ្ដុះបណ្ដាលមន្រ្តីនគរបាលកម្ពុជា និងរៀបចំផ្ដល់ជំនួយចាំបាច់ផ្សេងទៀត ដើម្បីគាំទ្រដល់ការងារដូចបានលើកឡើងខាងលើនេះ។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងបន្តទៀតថា ប្រទេសកម្ពុជា និងបណ្ដាប្រទេសនានាសុទ្ធតែជួបប្រទះនឹងបញ្ហាក្នុងវិស័យឌីជីថល។ ហើយសម្ដេចបន្តថា ជាគោលការណ៍ រាជរដ្ឋាភិបាលបានលើកទឹកចិត្តឱ្យពលរដ្ឋបញ្ចេញមតិ ប៉ុន្តែទន្ទឹមគ្នានេះរាជរដ្ឋាភិបាលក៏ត្រូវទប់ស្កាត់រាល់មតិទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍សង្គមដែរ។ សម្ដេចឯកភាពថា បញ្ហានេះទាមទារឱ្យមានការចែកច្បាស់រវាងព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត។សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍លើកឡើងបន្តទៀតថា បណ្ដាញសង្គម ក៏បានបង្កើត
ឱកាសឱ្យជនខិលខូចបង្កើតជាបទល្មើសផ្សេងៗ ដូចជាការឆបោក និងការលួចលុយតាមប្រព័ន្ធអនឡាញ។ ពាក់ព័ន្ធនឹងឌីជីថលនេះ សម្ដេចបានគូសបញ្ជាក់ថា សម្ដេចផ្ទាល់ក៏មានផេកហ្វេសប៊ុកផ្ទាល់ខ្លួន ហើយបើកចំហរឱ្យពលរដ្ឋដាក់ពាក្យបណ្ដឹង ដែលក្នុងនោះក៏មានបណ្ដឹងលើបទល្មើសពាក់ព័ន្ធនឹងបច្ចេកវិទ្យា ដូចជាការបោកប្រាស់តាមបណ្ដាញអនឡាញដែរ។ សម្ដេចទទួលស្គាល់ថា សមត្ថភាពមន្រ្តីក្នុងការដោះស្រាយបញ្ហានេះនៅមានកម្រិតនៅឡើយ។សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងបន្តទៀតថា សព្វថ្ងៃ រាជរដ្ឋាភិបាលកំពុងរៀបចំសេចក្ដីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យា និងកំពុងស្ថិតក្នុងការពិភាក្សាជាមួយភាគីពាក់ព័ន្ធ និងក៏មានការចូលរួមពីមន្រ្តីជំនាញអាមេរិកដែរ។ ហើយចំពោះ សេចក្ដីព្រាងនេះនៅមិនទាន់មានលក្ខណៈពេញលេញនៅឡើយទេ ហើយទាមទារឱ្យមានការសិក្សាបន្ថែម ហើយសម្ដេចបានថ្លែងអំណរគុណ យូនីស្កូ សម្រាប់គំនិតផ្ដួចផ្ដើមបង្កើតកិច្ចសហប្រតិបត្តិការក្នុងការបណ្ដុះបណ្ដាលជំនាញពាក់ព័ន្ធនឹងឌីជីថល និងបណ្ដាញសង្គមនេះដល់មន្រ្តីកម្ពុជា ៕