កិច្ចប្រជុំ គណៈកម្មការគ្រប់គ្រងសកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាម
កិច្ចប្រជុំ គណៈកម្មការគ្រប់គ្រងសកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាម
នារសៀលថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក និងជាអនុប្រធាន គណៈកម្មការគ្រប់គ្រងសកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាមកងទ័ពជើងគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការគ្រប់គ្រងសកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាម កងទ័ពជើងគោក ព្រមទាំងវត្តមានចូលរួមពីសំណាក់ អនុគណៈកម្មការមីនយោធភូមិភាគ និងក្រុមការងារមីនរបស់អង្គភាពបញ្ជាការដ្ឋានផងដែរ ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីដាក់ចេញផែនការពង្រាងស្តីពីការបោសសម្អាតមីនជំហានទី២ លើផ្ទៃដីទំហំ ៦.៩៦៣.៨៥២ម៉ែត្រក្រឡា ស្ថិតនៅភូមិសាស្ត្រ ឃុំត្រែងត្រយឹង ឃុំដំបូរូង និងឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ របស់គម្រោងសម្តេចតេជោ ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ។ ជាលិតផល អង្គប្រជុំបានដាក់ចេញបទបញ្ជាស្តីពីការចុះប្រតិបត្តិការបោសសម្អាតមីន របស់អង្គភាពចំណុះកងទ័ពជើងគោក ក្នុងភូមិសាស្ត្រ ៣ឃុំ ស្រុកភ្នំស្រួច (តំណាក់កាលទី២) និងតាមដានស្តាប់របាយការណ៍ ស្តីពីលទ្ធផលបោសសម្អាតមីន តំណាក់កាលទី១ និងតំណាក់កាលទី២ របស់កងអនុសេនាតូចបោសសម្អាតមីនទាំង ១៦កង ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ បន្តែមពីនេះ ក៏បាន ជជែកពិគ្រោះការងារគ្រប់គ្រងកម្លាំងរបស់បណ្តាកងអនុសេនាតូចបោសសម្អាតមីនទាំង ១៦កង និងត្រៀមរៀបចំពិធីបើកដំណើរការ ការដ្ឋានបោសសម្អាតមីន ព្រមទាំងផ្តល់ឱកាសដល់សមាជិកចូលរួមផ្តល់យោបល់ផងដែរ ។
មានប្រសាសន៍ ជាចុងក្រោយ ឯកឧត្តម ប្រធានអង្គប្រជុំក៏បានបូកសរុប ផ្តល់មតិសម្រេចរួមលើខ្លឹមសារ ដោយបានលើកសរសើរដល់សមាជិកក្រុមការងារទាំងអស់ដែលបានចូលរួមផ្តល់មតិយោបល់ និងសង្ឃឹមជឿជាក់ថាគណៈកម្មការ អនុគណៈកម្មការ ក្រុមការងារទាំងអស់ ខិតខំបំពេញភារកិច្ចរៀងខ្លួន និងយកចិត្តទុកដាក់ខ្ពស់ចំពោះការងារនេះ ឈានទៅសម្រេចគោលដៅដែលថ្នាក់លើប្រគល់ជូន ៕