សិក្ខាសាលាបច្ចេកទេសរួមគ្នា កម្ពុជា-ជប៉ុន ស្តីពីវិស័យទឹកកខ្វក់ និងប្រព័ន្ធលូ
សិក្ខាសាលាបច្ចេកទេសរួមគ្នា កម្ពុជា-ជប៉ុន ស្តីពីវិស័យទឹកកខ្វក់ និងប្រព័ន្ធលូ
ក្រោមអធិបតីភាពឯកឧត្តមរដ្ឋលេខាធិការ រស់ វណ្ណា កាលថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាបច្ចេកទេសរួមគ្នាកម្ពុជា-ជប៉ុន ស្តីពីវិស័យទឹកកខ្វក់ និងប្រព័ន្ធលូ ក្រោមប្រធានបទ៖ ការពង្រឹងធុរកិច្ចលើវិស័យប្រព័ន្ធទឹកកខ្វក់តាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល វិស័យឧស្សាហកម្ម និងវិស័យឯកជនសិក្សាស្រាវជ្រាវ។
មានប្រសាសន៍នៅក្នុងឳកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យសិក្ខាកាមចូលរួមបញ្ចេញមតិយោបល់ឱ្យបានផុសផុល និងផ្តល់ជាធាតុចូលបន្ថែម ជាពិសេសស្វែងយល់បច្ចេកវិទ្យាទំនើបៗក្នុងការសាងសង់ប្រព័ន្ធលូ ដោយប្រើប្រាស់វិធីសាស្ត្រខួង (Pipe Jacking Method និង WOW to Japan Projects) ក្នុងការពង្រឹងពង្រីកការអភិវឌ្ឍ និងគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា តាមរយៈបទបង្ហាញពីអ្នកជំនាញជប៉ុន ក្នុងគោលដៅឈានទៅសម្រេចឱ្យបាន និងជំរុញកិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតថែមមួយកម្រិតទៀត ររវាងរដ្ឋាភិបាល វិស័យឧស្សាហកម្ម និងវិស័យឯកជនសិក្សាស្រាវជ្រាវ រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ព្រោះ“បញ្ហាទឹកកខ្វក់ជាបញ្ហាយើងទាំងអស់គ្នា គ្មានដែនកំណត់ឡើយ”៕
គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ (MLIT) ជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA Cambodia) ក្រសួងបរិស្ថាន សាលារាជធានីភ្នំពេញ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ភ្នាក់ងារការងារទឹកកខ្វក់ជប៉ុន (JS) ក្រុងគីតាឃ្សឹស្សឹ (City of Kitakyushu) ក្រុមហ៊ុនឯកជនជប៉ុន និងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តមួយចំនួនទៀត។