លោកជំទាវ អនហេង លក្ខិណា ផ្តាំផ្ញើឲ្យប្រជាកសិករមានភាពស្មោះត្រង់រវាងគ្នា និងគ្នាដើម្បីឲ្យដំណើរការសហគមន៍ទទួលបានជោគជ័យ
កំពង់ចាម រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ លោកជំទាវ អនហេង លក្ខិណា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សាខេត្តកំពង់ចាម និងជាប្រធានក្រុមការងារបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ខេត្តកំពង់ចាម បានចូលរួមជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពីគោលគំនិត និងទស្សនៈទានសហគមន៍កសិកម្ម ដល់ប្រជាកសិករដាំបន្លែនៅភូមិព្រែកលីវ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម ដែលមានអ្នកចូលរួមសរុបចំនួន ៥៣នាក់ ស្រី ២៨នាក់ ។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ឲ្យប្រជាកសិករមានឱកាសបានស្វែងយល់អំពីគោលគំនិត និងទស្សនៈទានសហគមន៍កសិកម្ម និងត្រៀមខ្លួនដើម្បីចូលរួមជាសមាជិកសហគមន៍ ។
ក្នុងឱកាសនោះលោកជំទាវ បានផ្តាំផ្ញើឲ្យប្រជាកសិករមានភាពស្មោះត្រង់រវាងគ្នា និងគ្នាដើម្បីឲ្យដំណើរការសហគមន៍ទទួលបានជោគជ័យ ហើយសហការរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីទទួលបានផលប្រយោជន៍ដូចៗគ្នាផងដែរ ។