កិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ ក្រោមប្រធានបទៈ «ការលើកកម្ពស់តួនាទីវប្បធម៌ និងសិល្បៈអាស៊ានក្រោយបរិបទការរីករាលដាលនៃជំងឺកូវីដ-១៩ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»
កិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ ក្រោមប្រធានបទៈ «ការលើកកម្ពស់តួនាទីវប្បធម៌ និងសិល្បៈអាស៊ានក្រោយបរិបទការរីករាលដាលនៃជំងឺកូវីដ-១៩ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»
កិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន លើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូ សន្ទនាបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូបានប្រព្រឹត្តទៅប្រកបដោយជោគជ័យចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រោមប្រធានបទ «ការលើកកម្ពស់តួនាទីវប្បធម៌ និងសិល្បៈអាស៊ាន ក្រោយបរិបទការរីករាលដាលនៃជំងឺកូវី-១៩ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។ កិច្ចប្រជុំនេះ នាំមុខដោយកិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន លើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនាលើកិច្ចការវប្បធម៌ និងសិល្បៈ រួមមាន៖ អាស៊ាន-ចិន, អាស៊ាន-ជប៉ុន, អាស៊ាន-សាធារណៈរដ្ឋកូរ៉េ និងអាស៊ាន-បូកបី ចាប់តាំងពីថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២កន្លងមក។ លោកជំទាវ Suanesavanh VIGNAKET រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌ និងសិល្បៈអាស៊ានបានថ្លែងសុន្ទរកថាស្វាគមន៍ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។ អង្គប្រជុំបានធ្វើការពិភាក្សាវាយតម្លៃលើការអនុវត្តសកម្មភាពវប្បធម៌អាស៊ាន ក៏ដូចកិច្ចសហប្រតិបត្តិការអាស៊ានជាមួយដៃគូសន្ទនាអាស៊ាន ការផ្លាស់ប្តូរទស្សនៈនូវបទពិសោធន៍ និងសមិទ្ធិផលគន្លឹះ និងការខិតខំប្រឹងប្រែងក្នុងការអនុវត្តសកម្មភាពវប្បធម៌ រួមមាន៖ ១- ការអនុវត្តសកម្មភាពវប្បធម៌ និងសិល្បៈ នាអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ។
រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ បានកត់សម្គាល់ ចំពោះការខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងវិស័យវប្បធម៌ និងសិល្បៈ ក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទាំងនេះ ដោយធ្វើការបញ្ជៀបនូវបច្ចេកវិទ្យាទំនើប ក្នុងការអនុវត្តសកម្មភាពវប្បធម៌ និងសិល្បៈអាស៊ាន ។ ២- រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ បានវាយតម្លៃខ្ពស់ក្រោមការដឹកនាំរបស់កម្ពុជាលើកិច្ចការវប្បធម៌ និងសិល្បៈអាស៊ាន ក្នុងតួនាទីជាប្រធានប្តូរវេនAMCA២០២០-២០២២ រួមមាន៖ – ការប្តេជ្ញាចិត្តក្នុងការចូលរួមជាមួយសហគមន៍ តាមរយៈការរៀបចំសកម្មភាពវប្បធម៌អាស៊ាននានា នាអំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ – សកម្មភាពវប្បធម៌ ដើម្បីលើកស្ទួយទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន២០២០-២០២២ – គាំទ្រនូវសេចក្តីថ្លែងការណ៍ទីក្រុងសៀមរាប ក្នុងការលើកកម្ពស់ការច្នៃប្រឌិត និងការសម្របខ្លួននៃសហគមន៍អាស៊ាន ដើម្បីគាំទ្រដល់វប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិត ដែលបានអនុម័តដោយរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២កន្លងមក។- រដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ភាគីកម្ពុជា សម្រាប់គំនិតផ្តួចផ្តើម និងបានលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែរឹងមាំដើម្បីជំរុញយុទ្ធសាស្ត្ររយៈពេលវែងឲ្យដល់ឫសគល់នៃពាណិជ្ជកម្មខុសច្បាប់នៃសម្បត្តិវប្បធម៌ ដោយរៀបចំសន្និសីទអន្តរជាតិ និងកិច្ចប្រជុំពិសេសអាស៊ាន ស្តីពីការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់ផងដែរ៕