ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត÷រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ វិស័យសាសនាត្រូវបានលើកតម្កើង

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត÷រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ វិស័យសាសនាត្រូវបានលើកតម្កើង


ក្រោមបរិយាកាសអំណោយផលនៃសុខសន្តិភាពពាសពេញផ្ទៃប្រទេស និងការជ្រោមជ្រែងឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី វិស័យសាសនាត្រូវបានលើកតម្កើងតាមរយៈការបង្កលក្ខណៈគ្រប់យ៉ាងដល់ដំណើរគោរពប្រតិបត្តិជំនឿ ប្រកបដោយសិទ្ធសេរីភាពពេញលេញ ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាបាននូវសុខុដុមនីយកម្មវិស័យសាសនានៅទូទាំងប្រទេសកម្ពុជា។


នេះជាការថ្លែង របស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីសម្ពោធឆ្លងសាលាពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះវនរ័ត ណយ ច្រឹក ច័ន្ទបុរីវង្ស និងសមិទ្ធផលនានា ក្នុងវត្តច័ន្ទបុរីវង្ស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។


តាមប្រសាសន៍ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ស្ថានការណ៍រីករាលដាលនៃជំងឺកូវីដ-១៩ បានគ្របដណ្តប់នៅទូទាំងសាកលលោក ហើយក្នុងរយៈពេលដ៏ខ្លី ជំងឺដ៏កាចសាហាវនេះបានឆក់យកអាយុជីវិតប្រជាពលរដ្ឋយ៉ាងច្រើន និងបានបង្កជាសោកនាដកម្ម និងផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច -សង្គម។ ក្នុងនេះ កម្ពុជាក៏ទទួលផលប៉ះពាល់ផងដែរ ប៉ុន្តែដោយសារតែកុសលផលបុណ្យនៃការរួបរួមគ្នាជាធ្លុងមួយរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់ សម្តេចតេជោ ទើបធ្វើឱ្យប្រទេសជាតិយើងបានទទួលជោគជ័យលើការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ និងព្រមទាំងអស់បើកដំណើរការប្រទេសលើគ្រប់វិស័យឡើងវិញយ៉ាងឆាប់រហ័ស ហើយក៏ទទួលបាននូវចំណាត់ថ្នាក់សាកលផងដែរ នៅក្នុងការវាយតម្លៃពីមជ្ឈដ្ឋានអន្តរជាតិ។ ទាំងនេះ ក៏បានឆ្លុះបញ្ចាំងផងដែរអំពីជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើ សម្តេចតេជោ ជាពិសេសដូចដែលស្តែងឡើងតាមរយៈទទួលយកការចាក់វ៉ាក់បង្ការកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងដោយគ្មានភាពអល់អែក។ តាំងពីដើមរៀងមក រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ តែងបានយកចិត្តទុកដាក់ និងនៅក្បែរប្រជាពលរដ្ឋជាប់ជាប្រចំា ហើយក៏បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការបម្រើប្រជាពលរដ្ឋ ដោយធ្វើការកែលម្អរាល់ចំណុចខ្វះខាតនានាជាប់ជាប្រចាំ។

អត្ថបទដែលជាប់ទាក់ទង