សមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

សមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

ទីស្តីការគណៈរដ្ឋមន្ត្រី៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន” រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
សន្និសីទសារព័ត៌មាននេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយជូនសាធារណជនអំពីការខិតខំ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលសម្រេចបានសមិទ្ធផលជាវិជ្ជមាន និងផលប្រយោជន៍សំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់ ដែលប្រជាពលរដ្ឋទទួលបាន ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងប្រកបដោយភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។


ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីលទ្ធផលការងារជាច្រើន ដែលកើតចេញពីការប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដោយឆន្ទៈមនសិការការងារខ្ពស់ រួមមាន៖ វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន កំពង់ផែ វិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក វិស័យភស្តុភារកម្ម និងជាពិសេសការផ្តល់សេវាសាធារណៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាពជូនបងប្អូនប្រជាពលរដ្ឋ។
បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ក្នុងរយៈពេល៦ឆ្នាំចុងក្រោយ (២០១៧-២០២២) បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្តល់សេវាសាធារណៈកន្លងមក យើងសង្កេតឃើញថាក្រសួងសាធារណការ និងដឹកជញ្ជូន រកប្រាក់ចំណូលជាតិបានសរុបប្រមាណ ២០៨លានដុល្លារអាមេរិក។ បើប្រៀបធៀបចំណូលសេវាសាធារណៈឆ្នាំ២០២១ និង២០១៦ ឃើញថាមានការកើនឡើង ២២ដង ដោយក្នុងឆ្នាំ២០១៦ (មុនពេលប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម) ចំណូលសេវាសាធារណៈមាន ត្រឹមតែ១,៩លានដុល្លារអាមេរិក ខណៈដែលចំណូលឆ្នាំ២០២១ (ពេលមានប្រព័ន្ធស្វ័យប្រវត្តិកម្ម) មានចំនួន ៤២លានដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង