អ្នកជំនាញអន្តរជាតិ ភ្ញាក់ផ្អើលពីការរីកចំរើនរបស់អត្តពលិកកាយសម្ព័ន្ធកម្ពុជា
អ្នកជំនាញអន្តរជាតិ ភ្ញាក់ផ្អើលពីការរីកចំរើនរបស់អត្តពលិកកាយសម្ព័ន្ធកម្ពុជា
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជាក់ថា ការឈ្នះមេដាយប្រាក់ ពីការប្រកួតជើងឯកអាស៊ី នៅប្រទេសថៃ កន្លងមក បានធ្វើអោយអ្នកជំនាញបច្ចេកទេសអន្តរជាតិ ភ្ញាក់ផ្អើលពីការរីកចំរើនរបស់អត្តពលិកកម្ពុជា ក្នុងបរិបទកូវីត-១៩ រយៈពេល២ឆ្នាំ ដោយពួកគេមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាកម្ពុជាប្រែមុខមាត់ខ្លាំង ហួសពីការស្មាន។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងបទសម្ភាសន៍មួយនៃការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តម បណ្ឌិត ថោង ខុន លើកទី៦ ឆ្នាំ២០២២ នៅសាលដំបូលទូក ក្នុងពហុកីឡដ្ឋាជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ។
លោក ណយ ផាណា បញ្ជាក់ថា ដោយមានការខិតខំរួមគ្នា ជាពិសេសកម្ពុជា បានយកវិបត្តិក្លាយជាឱកាស ដោយការចាក់វ៉ាក់សាំងដល់ដូសទី៤ និងទី៥ អស់ហើយ និងដោយរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំង នេះជាចំណុចទី១សំខាន់។ ទី២ កីឡាករ កីឡាការិនី គ្រូបង្វឹកស្ម័គ្រចិត្តរួមគ្នានៅកន្លែងតែមួយ ដើម្បីធ្វើការហ្វឹកហាត់ ចំណុចនេះហើយ ត្រូវបានអ្នកបច្ចេកទេសអន្តរជាតិវាយតម្លៃថា សមិទ្ធផលនេះ ស័ក្តិសមនឹងទទួល។ លោកអគ្គលេខាធិការ បន្តថា សមិទ្ធផលទាំងអស់នេះ កើតចេញពីការយកចិត្តទុកដាក់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងលោកឧកញ៉ា សុខ ហុង អនុប្រធានសហព័ន្ធ ដែលតែងតែផ្តល់អនុសាសន៍ អោយសហព័ន្ធមួយនេះ ដំណើរការបានល្អ ហើយឈានទៅរកមេដាយតាមសន្ទស្សន៍ដាក់ចេញរបស់ Camsoc គឺមេដាយមាស ០១គ្រឿង ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ អញ្ចឹងបើផ្អែកលើផែនការដែលដាក់នោះ សហព័ន្ធមានគោលការណ៍ជាក់លាក់ ផែនការច្បាស់លាស់ថា តើយើងត្រូវរៀបចំដូចម្តេច។
ការរៀបចំកន្លងមក យើងបានទទួលលទ្ធផល ក្នុងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម គឺដំណាក់កាលទី១ ធ្លាក់ក្នុងគម្រោងរបស់សហព័ន្ធ ទី២ គឺដាក់គោលដៅយកមេដាយប្រាក់អោយបាន ពីការប្រកួតជើងឯកអាស៊ី គឺយកបានដែរ។ អញ្ចឹង ឥឡូវសល់ផែនការមេចុងក្រោយ ដែលឆ្ពោះទៅយកមេដាយមាស ០១គ្រឿង តាមសន្ទស្សន៍ Camsoc ដាក់ជូន។ ដូច្នេះ យើងនឹងប្តេជ្ញាទាំងអស់គ្នាធ្វើអោយបាន។ ដើម្បីប្តេជ្ញាបាន យើងក៏ត្រូវមានផែនការរៀបចំកីឡាករ កីឡាការិនីយើង ដូចជាកីឡាករ កីឡាការិនីកាយសម្ព័ន្ធអេរ៉ូប៊ិក យើងមានផែនការច្បាស់ច្រើន និងមួយក្រុមទៀត សហព័ន្ធបានពន្លឿនការអភិវឌ្ឍ តាមរយៈបញ្ជូនទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន និងកំពុងធ្វើតេស្តប្រកួតរួចរាល់ហើយដែរ សង្ឃឹមថា នឹងមានលទ្ធផលល្អត្រឡប់មកវិញ ចូលរួមប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជា។ លោក ណយ ផាណា បន្ថែម។
លោកអគ្គលេខាធិការ បន្តថា ការប្រកួតថ្នាក់ជាតិឆ្នាំនេះ ក្រៅពីផ្តោតលើសិទ្ធផលកីឡាករ កីឡាការិនី សហព័ន្ធក៏ជំរុញអភិវឌ្ឍសមត្ថភាពមន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ដើម្បីត្រៀមការប្រកួតកីឡាជាតិ លើកទី៣ និងត្រៀមសម្រួចគោលដៅ ឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាប្រវត្តិសាស្រ្តដំបូង ក្រោយរង់ចាំរយៈពេល ៦៤ឆ្នាំ របស់ព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តម បណ្ឌិត ថោង ខុន លើកទី៦ ឆ្នាំ២០២២ មានរយៈពេល៧ថ្ងៃពីថ្ងៃទី២២ ដល់ថ្ងៃទិ២៧ ខែតុលា ឆ្នាំ២០២២ ដោយមានកីឡាករ កីឡាការិនីចំនួន ៦៤នាក់ ចូលរួម មកពីខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ប្រកួតលើ ១៣វិញ្ញាសា ៕