ADB នឹងផ្តល់ហិរញ្ញប្បទានទឹកប្រាក់១០០ប៊ីលានដុល្លារអាមេរិកដើម្បីដោះស្រាយបញ្ហាប្រែប្រួល អាកាសធាតុនៅក្នុងតំបន់សម្រាប់ឆ្នាំ២០១៩-២០៣០

ADB នឹងផ្តល់ហិរញ្ញប្បទានទឹកប្រាក់១០០ប៊ីលានដុល្លារអាមេរិកដើម្បីដោះស្រាយបញ្ហាប្រែប្រួល អាកាសធាតុនៅក្នុងតំបន់សម្រាប់ឆ្នាំ២០១៩-២០៣០

ក្នុងនាមជាប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តី បានទទួលជួបពិភាក្សាការងារជាមួយលោក Winfried F. Wicklein អគ្គនាយករងទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍នៃធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) នៅក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ លោក Winfried F. Wicklein បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ ADB ក្នុងការបន្តជួយគាំទ្រដល់ការអភិវឌ្ឍ កម្ពុជា ជាពិសេសការស្តារនិងជំរុញកំណើន សេដ្ឋកិច្ចឡើងវិញ នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្រ្តភាព ជាដៃគូឆ្នាំ២០២៤-២០២៨។ ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ ១០០ ប៊ីលានដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងតំបន់សម្រាប់ឆ្នាំ២០១៩-២០៣០។ ក្នុងទិសដៅនេះ, ADB បានបង្កើតនូវគំនិតផ្តួចផ្តើមជាច្រើនក្នុងតំបន់ ក៏ដូចជាផ្តល់ការគាំទ្រដល់កម្ពុជាតាមរយៈយន្តការខាងលើនេះផងដែរ។ ADB នឹងបង្កើនកិច្ចប្រតិបត្តិការដើម្បី ជួយ ដល់ វិស័យឯកជនថែមទៀត។

ឯកឧត្តម វង្សី វិស្សុត បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ADB ដែល បានចូលរួម ចំណែក នៅក្នុងកិច្ចដំណើរការស្តារនិង អភិវឌ្ឍកម្ពុជា ចាប់តាំងពីដើមទសវត្សឆ្នាំ៩០ រហូតមកទល់នឹងពេលនេះ ពិសេស ការជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ADB គឺជាដៃគូដ៏សំខាន់និងជាទី ទុកចិត្ត ហើយជាដៃគូអភិវឌ្ឍន៍ធំលំដាប់ទី២របស់កម្ពុជា និងស្ថិតនៅលំដាប់ទី១ ប្រសិនបើគិតជាស្ថាប័នហិរញ្ញវត្ថុ ពហុភាគីវិញ។ កម្ពុជាពិតជាពេញចិត្ត ចំពោះ កិច្ច សហប្រតិបត្តិការ និងភាពជា ដៃគូ កន្លង មក។ ឯកឧត្តមក៏បានថ្លែងអំណរគុណជាពិសេសដល់ ADB ដែលបានវិភាជន៍នូវកញ្ចប់ហិរញ្ញប្បទានប្រមាណ ៤០០ លានដុល្លាអាមេរិក បន្ថែមពីលើកញ្ចប់ហិរញ្ញប្បទានដែលបានគ្រោងចំនួន ៤៨០ ដុល្លាអាមេរិក សម្រាប់ឆ្នាំ២០២៣ និង២០២៤។ ភាគីទាំងពីរនឹងពិភាក្សាលើបញ្ជីកម្មវិធី/គម្រោង តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយក្នុងពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍លើកឡើងផងដែរថា ក្រៅពីការទទួលបាននូវជោគជ័យដ៏ធំធេង នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលកម្ពុជាក៏បានគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ អវិជ្ជមាន ពីវិបត្តិនៃជំងឺនេះមកលើសង្គម-សេដ្ឋកិច្ចកម្ពុជាបានយ៉ាងល្អប្រសើរផងដែរ តាមរយៈការដាក់ចេញដោយទាន់ពេលវេលា និងអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកញ្ចប់អន្តរាគមន៍ និងជំនួយសង្គមជាច្រើនដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ ក៏ដូចអាជីវកម្មដែលរងផលប៉ះពាល់ដោយវិបត្តិនេះ។

ជាក់ស្តែង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដែលជាជំនួយសង្គមសម្រាប់ជួយប្រជាជនក្រីក្រ និងជនងាយរងគ្រោះ ត្រូវបានវាយតម្លៃដោយដៃគូអភិវឌ្ឍន៍ថា ពិតជាបានចូលរួមចំណែកលើកកម្ពស់ជីវភាព និងបញ្ចៀសពីការធ្លាក់ចូលទៅក្នុងបញ្ហាអសន្តិសុខស្បៀង បំណុលវ័ណ្ឌក ការលក់ទ្រព្យសកម្មរបស់គ្រួសារ និងជួយសម្រាលបន្ទុកចំណាយ ពិសេសការចំណាយលើម្ហូបអាហារ ថ្នាំសង្កូវ និងការអប់រំ។ ក្រៅពីការផ្លាស់ប្តូរមតិលើស្ថានភាពសេដ្ឋកិច្ច ក៏ដូចជាបញ្ហាប្រឈមមួយចំនួន ដែលពិភពលោក, តំបន់ និងកម្ពុជាបាននិងកំពុងជួបប្រទះ ភាគីទាំងពីរក៏បានពិភាក្សាអំពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ADB ផងដែរ ដែលតាមរយៈនេះ ឯកឧត្តម វង្សី វិស្សុត បានស្នើដល់ ADB បន្តការគាំទ្រដល់គម្រោង/កម្មវិធី ក្នុងវិស័យអាទិភាពមួយចំនួន នៅក្នុងរយៈពេលមធ្យម និងវែងថែមទៀតផង៕

 

 

អត្ថបទដែលជាប់ទាក់ទង