ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត÷ សហគ្រាសអាជីវកម្ម គឺជាកោសិកាសំខាន់នៃវិស័យឯកជន ហើយវិស័យឯកជនជាកោសិកាសំខាន់នៃសេដ្ឋកិច្ចជាតិ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត÷ សហគ្រាសអាជីវកម្ម គឺជាកោសិកាសំខាន់នៃវិស័យឯកជន ហើយវិស័យឯកជនជាកោសិកាសំខាន់នៃសេដ្ឋកិច្ចជាតិ


សហគ្រាសអាជីវកម្ម គឺជាកោសិកាសំខាន់នៃវិស័យឯកជន ហើយវិស័យឯកជនជាកោសិកាសំខាន់នៃសេដ្ឋកិច្ចជាតិ។ ដូច្នេះ គោលដៅសំខាន់នៃការលើកកម្ពស់សេដ្ឋកិច្ចជាតិ គឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍរីកចម្រើនប្រកបដោយសមធម៌ ដែលអាចធានាបាននូវលំនឹងស្ថិរភាពនៃសង្គមជាតិ។ នេះជាការថ្លែង របស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងកម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2022 ដែលប្រារពធ្វើនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។


ឯកឧត្តម បណ្ឌិត បានថ្លែងបន្តថា មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម គឺជាមូលដ្ឋានសំខាន់ ហើយគឺជាអាទិភាពចម្បងសម្រាប់ពង្រឹងការរីកចម្រើនបច្ចុប្បន្ន និងទៅអនាគត។ ដូច្នេះហើយ ការជួយជម្រុញមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម គឺជាគោលដៅអទិភាពក្នុងការបង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ ហើយបន្តជំរុញជាប្រចាំ។


ពិតណាស់ ការពង្រឹងកំណើនសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនប្រកបដោយចីរភាព ភាពធន់ និងនិន្តរភាព គឺទាមទារឱ្យមានការចូលរួមមិនអាចខ្វះបានពីសហគ្រិនគ្រប់វិស័យ ដូចដែលទស្សនៈរបស់លោកបណ្ឌិត អោម សេង បូរ៉ា ដែលបានលើកឡើងថា៖ សហគ្រិន គឺជាបុគ្គលស្នេហាជាតិ ដែលមានបេសកកម្មឧត្តុង្គឧត្តមក្នុងការកសាង និងអភិវឌ្ឍជាតិលើគ្រប់វិស័យ តាមរយៈ (i) ការចូលរួមផ្គត់ផ្គង់ផលិតផល និងសេវាកម្មសំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គម, (ii) ការបង្កើតការងារជូនប្រជាពលរដ្ឋ និង (iii) ការកសាងធនធានមនុស្ស និង (iv) ការបង្កើនចំណូលថវិកាជាតិតាមរយៈការបង់ពន្ធជូនរដ្ឋ។ សូមបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការជួយសហគ្រិនទាំងអស់ តាមរយៈបង្កលក្ខណៈឱ្យមានបរិយាកាសប្រកួតប្រជែង និងចូលរួមទាំងអស់គ្នាក្នុងទីផ្សារសេរីប្រកបដោយតម្លាភាព និងទេពកោសល្យរៀងៗខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បន្តខិតខំប្រឹងប្រែងក្នុងការរិះរកគ្រប់មធ្យោបាយក្នុងការសិក្សាស្រាវជ្រាវ ដើម្បីរៀបចំការតម្រង់ទិសជាក់លាក់ ទាំងលើការពង្រឹង និងអភិវឌ្ឍធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលកម្រិតចំណេះទូទៅ និងបច្ចេកទេសវិជ្ជាជីវៈ (TVET) រួមទាំងការស្វែងរកទីផ្សាសម្រាប់ផលិតផលរបស់កម្ពុជានៅបរទេស។


ស្របនឹងឱកាសនៃការប្រារព្ធខួបទី ១៣ ឆ្នាំ នៃការបង្កើត CEO Master Club, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពចូលរួមចំណែកជាច្រើនរបស់ CEO Master Club ក្នុងនាមជាស្ថាប័នបណ្តុះបណ្តាលសហគ្រិនភាពដែលមានទស្សនវិស័យ និងបេសកកម្មប្រកបដោយគុណតម្លៃជាក់ស្តែង ពោលគឺ ការកសាង និងការពង្រឹងសមត្ថភាព អ្នកដឹកនាំធុរកិច្ចក្នុងស្រុកឱ្យក្លាយជាអគ្គនាយកអាជីពប្រកបដោយចំណេះដឹង និងជំនាញច្បាស់លាស់ក្នុងការដឹកនាំ, គ្រប់គ្រង និងចាត់ចែងសា្ថប័នអាជីវកម្មពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារអន្តរជាតិ ដោយធានាបាននូវវឌ្ឍនភាពអាជីវកម្មប្រសើររឹងមាំ និងលឿនឆ្ពោះទៅមុខ ព្រមជាមួយនឹងការជួយបង្កើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការពង្រឹងភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន-សហគ្រាសកម្ពុជានៅលើទីឆាកអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង