ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង ២រូប និងនាយករដ្ឋបាល ១រូប នៃរដ្ឋបាលស្រុកជើងព្រៃ
កំពង់ចាម ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង ២រូប និងនាយករដ្ឋបាល ១រូប នៃរដ្ឋបាលស្រុកជើងព្រៃ នៅសាលាស្រុកជើងព្រៃ។ ដោយមានការចូលរួមលោកប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក មន្ត្រីក្រោមឱវាទ លោក លោកស្រីមេឃុំទាំង ១០ និងថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធទាំង ៣ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំ ។
មានប្រសាសន៍ក្នុងឱកាសនោះដែរឯកឧត្តម ហាន កុសល អភិបាលរងខេត្ត បានលើកឡើង«មជ្ឈមណ្ឌលសាមគ្គី» ដែលជាទ្រឹស្តីដំបូងរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សម្រាប់ការងារផ្តល់សេវាសាធារណៈ សន្តិសុខ និងការងារអភិវឌ្ឍមូលដ្ឋានផងដែរ ។
ឯកឧត្តមហាន កុសល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ គោរពអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម អភិបាលបាលខេត្តកំពង់ចាម ប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តមក៏បានណែនាំផ្តាំផ្ញើដល់គណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ក្នុងស្រុក-ត្រូវរួមគ្នាពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយគុណភាព ប្រសិទ្ធភាព និងស្នាមញញឹម អនុវត្តឱ្យបាននូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា, ត្រូវរួមគ្នារក្សាស្ថេរភាពប្រទេសជាតិ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច ដោយអនុវត្តវិធានការច្បាប់ចំពោះជនទាំងឡាយណាដែលបង្កអស្ថេរភាពសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ។
ឯកឧត្តម ក៏បានក្រើនរំឮកបន្ថែមដល់អាជ្ញាធរស្រុក ឃុំ ត្រូវពង្រឹងការគ្រប់គ្រងបញ្ហាគ្រឿងញៀន ទាំងវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការត្រួតពិនិត្យ ត្រូវអនុវត្តឱ្យបានជាប់ជាប្រចាំ និងជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់ ដែលរដ្ឋាភិបាលដាក់ចេញ៕