ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក នាំយកសៀវភៅអប់រំបង្កើនចំណេះដឹងចំនួន ១.០០០ ក្បាល ទៅប្រគល់ជូនសាលាបឋមសិក្សាក្រញ៉ូង 

 

ត្បូងឃ្មុំ : នាព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក អនុប្រធាននាយកដ្ឋានឧត្តម អយក  ទីប្រឹក្សាសម្ដេចអគ្គមហាពញាចក្រក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានអញ្ជើញនាំយកសៀវភៅអប់រំ បង្កើនចំណេះដឹងចំនួន ១.០០០ ក្បាល ទៅប្រគល់ជូនសាលាបឋមសិក្សាក្រញ៉ូង ស្ថិតនៅក្នុងឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីលើកកម្ពស់វិស័យអប់រំនៅឃុំវាលម្លូរ ឲ្យកាន់តែរីកចម្រើនឡើង ។
ថ្លែងនាឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក អនុប្រធាននាយកដ្ឋានឧត្តម អយក បានលើកឡើងថា ប្រទេសជាតិមួយអភិវឌ្ឍន៍ទៅបាន គឺអាស្រ័យលើធនធានមនុស្សនៃប្រទេសនោះ បានន័យថា ប្រជាពលរដ្ឋត្រូវមានការអប់រំកូនៗតូចៗ អោយរៀនចេះអាន ចេះសរសេរ ដើម្បីមានចំណេះដឹងជ្រៅជ្រះ មានសីលធម៌ក្នុងការរស់នៅដែលទាំងអស់នេះ បានមកពីការអប់រំបណ្ដុះបណ្ដាលនៅសាលា នៅក្នុងគ្រួសារ ។
ឯកឧត្តមបណ្ឌិតបន្តថា មានតែការសិក្សារៀនសូត្រប៉ុណ្ណោះដែលជួយខ្លួនយើង ឲ្យចេញផុតពីភាពល្ងង់ខ្លៅ និងទទួលបាននូវភាពថ្កុំថ្កើងរុងរឿង ។ ចំណេះវិជ្ជា គឺជាវត្ថុដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន មិនត្រឹមតែធ្វើឲ្យមានការផ្លាស់ប្ដូរជីវិតរបស់ក្មួយៗ ជីវភាពក្រុមគ្រួសារ និង សហគមន៍ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំង រួមចំណែកផ្លាស់ប្ដូរ មុខមាត់ប្រទេសជាតិផងដែរ ។
ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក បានផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សទាំងអស់ នៅសាលាបឋមសិក្សាវាលម្លូរ ឆ្លៀតពីពេលទំនេរក្នុងការសិក្សា ត្រូវនាំគ្នាចូលបណ្ណាល័យអានសៀវភៅឲ្យបានច្រើន ដើម្បីបង្កើតចំណេះដឹងជាច្រើនទៀត ត្រូវខំរៀនឲ្យយពូកែ ធ្វើជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ នៅក្នុងសង្គម និងត្រូវជៀសអោយឆ្ងាយពីឧបាយមុខផ្សេងៗទៀត ។
ក្រោយទទួលបានសៀវភៅអប់រំបង្កើនចំណេះដឹងចំនួន ១.០០០ ក្បាលរួចមក អាជ្ញាធរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅសាលាបឋមសិក្សាក្រញ៉ូង មានការត្រេតអរ និងរំភើបសប្បាយរីករាយក្រៃលែងក្រោយទទួលបានសៀវភៅ (មានវីដេអូ) ។
សូមបញ្ជាក់ថា : ឃុំវាលម្លូរ ក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃរបស់ប្រមុខរាជរដ្ឋាភិបាល មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្ដេចពញាចក្រក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការចង្អុលបង្ហាញពីឯកឧត្តមរដ្ឋមន្ត្រី វង សូត បានសម្រេចតែងតាំងឯកឧត្តម ប៉ា ម៉េងហុក ជាប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ អស់រយះពេល៥ឆ្នាំមកនេះ បានធ្វើអោយឃុំវាលម្លូរ រីកមុខមាត់លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ពិសេសហេដ្ឋារចនាសម្ព័ន និងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទើបប្រជាពលរដ្ឋទូទាំងឃុំបោះឆ្នោតជូនរាជរដ្ឋាភិបាលកើនឡើងពី ៤ លើ ៧ អសនៈ ក្នុងឆ្នាំ ២០១៧ និងកើនដល់ ៦ លើ ៧ អសនៈ ក្នុងឆ្នាំ ២០២២ ។
ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក អនុប្រធាននាយកដ្ឋានឧត្តម អយក បានដឹកនាំក្រុមការងារចុះជួយឃុំ និងលោកគ្រូ អ្នកគ្រូ ចុះពិនិត្យទីតាំងដែលត្រៀមធ្វើសាលាបុណ្យតាមសំណើររបស់អាជ្ញាធរឃុំវាលម្លូរ ស្នើសុំមកកាន់ក្រុងការងារផងដែរ ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង