កសិករខេត្តត្បូងឃ្មុំ ប្រមូលផលស្រូវស្រាលរដូវវស្សាបាន ៨.៩៧៥ ហិកតាហើយក្នុងឆ្នាំ ២០២២ នេះ
ត្បូងឃ្មុំ : កសិករខេត្តត្បូងឃ្មុំ ប្រមូលផលស្រូវស្រាលរដូវវស្សាបាន ៨.៩៧៥ ហិកតាហើយក្នុងឆ្នាំ ២០២២ នេះ ហើយទិន្នផល ៤,៥២ តោនក្នុងផ្ទៃដី ១ ហិកតា ស្មើនឹង ៧៤,០៥% ។
ប្រជាកសិករ ១ គ្រួសារ នៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គាត់បានបង្ករបង្កើនផលប្រភេទស្រូវ នាងប៉ុក អង្ករបាយរឹង ហូបមិនឆ្ងាញ់ដូចស្រូវផ្ការំដួល ផ្កាម្លិះ ផ្កាខ្ញី នោះទេ គឺជាប្រភេទស្រូវសម្រាប់តែធ្វើនុំបញ្ចុក សម្រាប់ផលិតជាស្រ ស ឬក៏សម្រាប់ធ្វើចំណីឲ្យមាន់នោះទេ ។
កសិករបន្តថា ប្រភេទស្រូវនាងប៉ុកនេះ លក់បានតម្លៃពី ៨០០ រៀល ទៅ ១.០០០ រៀល ក្នុងមួយគឺឡូក្រាម មានថៅកែជាឈ្មួញកណ្ដាល គេមកទទួលទិញដល់ក្នុងភូមិតែម្ដង មិនពិបាកដឹកជញ្ជូនទៅរកទីផ្សារឆ្ងាយនោះទេ ហើយគេដឹកយកទៅលក់បន្តនៅប្រទេសជិតខាងផងដែរ ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ថា ការប្រមូលផលស្រូវរដូវវស្សាឆ្នាំ ២០២២ នេះសម្រេចបាន ១៨.៩២៥ ហិកតា ទទួលបានទិន្នផល ៤,០០ តោនក្នុងផ្ទៃដីមួយហិកតា ស្មើនឹង ២៤,៧៦% នៃផ្ទៃដីបានដាំដុះសរុប ៧៦.៤៣០ ហិកតា ក្នុងនោះស្រូវស្រាល ៨.៩៧៥ ហិកតា ទិន្នផល ៤,៥២តោនក្នុងផ្ទៃដីមួយហិកតា ស្មើនឹង ៧៤,០៥% ស្រូវកណ្តាល ៩.៩៥០ ហិកតា ទិន្នផល ៣,៥៣តោនក្នុងផ្ទៃដីមួយហិកតា ស្មើនឹង ៣៣,៩៤% បើគឹតត្រឹមចុងសប្ដាហ៍ទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ៕ សុខ ផន