ឯកឧត្តម អ៊ុន ចាន់ដា អញ្ចើញចូលរួម វគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងគ្រោះហានីភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា

កំពង់ចាម នៅព្រឹក​ ថ្ងៃទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងគ្រោះហានីភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក នៃ.ជ.ជ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី ប្រភូក្រសួងសង្គមកិច្ច អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុកទាំង១០ មេឃុំ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ ជំនួយការស្មៀនឃុំសង្កាត់ ទាំង១០៩ និងមន្ត្រីពាក់ព័ន្ធ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានយកចិត្តទុកដាក់លើកកម្ពស់សុខមាលភាពរបស់គ្រួសាររស់នៅក្បែរបន្ទាត់ក្រីក្រ ដែលមានសមាជិកជាមនុស្សវ័យចាស់ ជនមានពិការភាព កុមារ អ្នកផ្ទុកមេរោគអេដស៍ជាដើម។ទាំងនេះបង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់ ព្រមទាំងមានចក្ខុវិស័យវែងឆ្ងាយក្នុងការគាំពារសង្គម ដោយកសាងប្រព័ន្ធគាំពារសង្គមមួយដែលមានប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដើម្បីបម្រើគោលនយោបាយកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាររងគ្រោះនិងវិសមភាព។ ការយកចិត្តទុកដាក់ជួយដល់ជនងាយរងគ្រោះនិងជនរងគ្រោះតាមរយៈការលើកកម្ពស់ប្រព័ន្ធជំនួយសង្គម ជួយដល់គ្រួសារក្រីក្រ និងងាយរកហានិភ័យមិនឲ្យធ្លាក់ចូលក្នុងស្ថានភាពលំបាកណាមួយ ដែលប្ដេជ្ញាធានានៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងការកាត់បន្ថយភាពក្រីក្រនិង ដើម្បីសម្រេចគោលដៅ គ្មាននរណាម្នាក់ដែលត្រូវបាត់បង់ឱកាសសម្រាប់អាណត្តិទីប្រាំមួយ នេះ។

ឯកឧត្តម អ៊ុន ចាន់ដាបានបន្តទៀតថា ផ្អែកតាមការអនុវត្តកម្មវិធីរយៈពេលកន្លងមក មន្ត្រីក្រុង ស្រុក ឃុំ សង្កាត់ មូលដ្ឋានសុខាភិបាលសាធារណៈ ទទួលបាននូវបទពិសោធន៍និងការរៀនសូត្រជាច្រើនដែលធ្វើឲ្យកាអនុវត្តកម្មវិធីកាន់តែមានប្រសិទ្ធភាពនិងសម្រេចបានលទ្ធផលជាច្រើនគួរឲ្យមោទនៈ។ទន្ទឹមនឹងនេះក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលទាមទារឲ្យមន្ត្រីសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទានខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងមន្ទីរផែនការខេត្ត បន្តចុះកែលម្អបន្ថែមទៀត ពិសេសការគាំទ្រនិងការតាមដាន ត្រួតពិនិត្យ ដើម្បីពង្រឹងនៃការអនុវត្តមុខងារ តួនាទី ភារកិច្ច ឲ្យកាន់តែមានតម្លាភាព និងសុក្រិត្យភាព ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈទាំងលក្ខណៈបច្ចេកទេស និងនយោបាយ ពិសេសការគ្រប់គ្រងករណីមួយដ៏សមស្រប និងមានភាពបត់បែនលើគ្រប់ទិដ្ឋភាពសង្គម។

ឯកឧត្តម ឈួរ សុបញ្ញា បានលើកឡើងថា ខេត្តកំពង់ចាមគឺជាខេត្តមួយដែលអនុវត្តការងារបានល្អនិងមានមោទនភាពលេចធ្លោ បើប្រៀបទៅនឹងក្របខណ្ឌទូទាំងប្រទេស ផ្អែកតាមសមិទ្ធផល វិវឌ្ឍភាពជាច្រើនគួរឲ្យគាត់សម្គាល់ ហើយក៏ជាមោទនភាពរបស់ខេត្តកំពង់ចាមផងដែរ។ទន្ទឹមនេះមន្ត្រីពាក់ព័ន្ធបានធ្វើការសម្របសម្រួលដល់ដំណើរការអភិវឌ្ឍន៍អនុវត្តកម្មវិធី ទាំងតាមក្រុមតេឡេក្រាម ទូរស័ព្ទ និងការចុះមូលដ្ឋានផ្ទាល់ ដើម្បីពិនិត្យនិងឆ្លើយតបរាប់បញ្ហាផ្សេងៗដែលកើតមានឡើង ជាពិសេសជាងនេះទៀត នោះគឺមានការបណ្ដុះបណ្ដាពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីអនុវត្តកម្មវិធី តាមឃុំសង្កាត់និងមណ្ឌលសុខភាព្រៀងរាល់ព្រឹកថ្ងៃអាទិត្យ ដើម្បីឲ្យការអនុវត្តកម្មវិធីដំណើរការដោយរលូនស្របនឹង នីតិវិធីនិងគោលការណ៍ណែនាំប្រកបដោយស័ក្ថិសិទ្ធិភាពនិងទទួលបានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង