ផលិតផលម្ហូបអាហារខូចគុណភាព ជាង ៣ តោន ត្រូវបានមន្ត្រីជំនាញក.ប.ប.ខេត្តត្បូងឃ្មុំ រកឃើញដកហូត និងដុតកម្ទេចចោល
ត្បូងឃ្មុំ : រយៈពេល ៣ ខែ ចាប់ពីខែសីហា ដល់ខែតុលា ឆ្នាំ ២០២២ មន្ត្រីស៊ើបអង្កេតនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)ខេត្តត្បូងឃ្មុំ បានចុះអនុវត្តន៍ត្រួតពិនិត្យ ធ្វើតេស្តរកឃើញ ទំនិញក្លែងក្លាយ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងមានលាយលំសារធាតុគីមី សរុបប្រមាណ ជា ៣.៣០០ គីឡូក្រាម ដែលដាក់តាំងលក់នៅតាមផ្ទះ ហាងទំនើប និងទីផ្សារនានានៅទូទាំងខេត្តត្បូងឃ្មុំ ។
ក្រោយប្រមូលដកហូតបាន ទំនិញខូចគុណភាពទាំងនេះ ដោយយោងតាមគោលការណ៍អនុញ្ញាតពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នាថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០២២ ត្រូវបានធ្វើពិធីដុតកម្ទេចចោល នៅបរិវេណខាងក្រោយមន្ទីរក.ប.ប ខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
សកម្មភាពដុតកម្ទេចចោលនេះ ធ្វើឡើងដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រី ក.ប.ប ខេត្ត សហការជាមួយសាលាដំបូងខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរព័ត៌មានខេត្ត រួមជាមួយរដ្ឋបាលបណ្តាក្រុង/ស្រុកទាំង ៧ ក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធាន សាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថាផលិតផលម្ហូបអាហារខូចគុណភាពទាំងនេះមាន ភេសជ្ជៈទឹកក្រូច ស្រាបៀ នំកញ្ចប់ ជាដើម ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់ ។
លោកប្រធានសាខា ក.ប.ប. ខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករសូមប្រុងប្រយ័ត្នមុននឹងទិញ ក៏ដូចជាប្រើប្រាស់ទំនិញនានាលើទីផ្សារ ត្រូវពិនិត្យប្រភពឱ្យបានច្បាស់លាស់ជាមុនសិន ជៀសវាងប៉ះចំផលិតផលក្លែងក្លាយ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងមានលាយលំសារធាតុគីមី ធ្វើឱ្យប៉ះពាល់សុខភាពទៅថ្ងៃក្រោយ ។
ជាងនេះទៀត អ្នកផលិត និងអ្នកលក់ សូមកុំក្លែងបន្លំ និងបន្ថែមសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យខូចសុខភាពអ្នកទទួលទាន ព្រោះជាអំពើខុសច្បាប់ ដែលនឹងត្រូវប្រឈមទទួលទោសចំពោះមុខច្បាប់ជាធរមាន ៕ សុខ ផន