នៅក្នុងមូលដ្ឋានស្រុកតំបែរ មានបញ្ហាប្រឈម ៣៨ ត្រូវបានដោះស្រាយជូនពលរដ្ឋ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ : រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី ៣ នៅបរិវេណវត្តព្រះនាងសេដាសែនជ័យ ( ហៅវត្តសេដាសែនជ័យ ) ស្ថិតក្នុងឃុំសេដា ស្រុកតំបែរ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ នីចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត គូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានបង្ហាញនូវ តួនាទីក្រុមប្រឹក្សា ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន ក្នុងរយៈពេលកន្លងមក ដើម្បី ឆ្លើយតបជាមួយម្ចាស់ឆ្នោត ជាពិសេស ប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ ។
ឯកឧត្តមបញ្ជាក់ទៀតថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងបានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានឆ្លើយនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលក្នុងខេត្ត ជាពិសេស ការពង្រឹងការចូលរួម របស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍខេត្ត ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណង ពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ។
លើសពីនេះទៀតនោះ តាមរយៈ ការសម្របសម្រួលវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួម របស់ប្រជាពលរដ្ឋ យ៉ាងសកម្ម ក្នុងការលើកឡើងជាសំណើ សំណូមពរ កង្វល់ និងទំនាស់ចំនួន ៣៨ ករណីដែលត្ថូវបានដោះស្រាយ ក្នុងនោះមានករណីទំនាស់ម្ចាស់ក្រុមហ៊ុនលក់ដីឡូតិ៍ខ្យល់ឥតច្បាប់ ជាមួយអតិថិជន មួយត្រូវទុកឲ្យតុលាការជាអ្នកដោះស្រាយ ៕ សុខ ផន