មូលនិធិជាតិជំនួយសង្គម និងរដ្ឋបាលខេត្តត្បូងឃ្មុំ បើកវគ្គបណ្ដុះបណ្ដាលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារងាយរងហានិភ័យ ជូនដល់មន្ត្រី ក្នុងកំឡុងមានសម្ពាធអតិផរណា
ត្បូងឃ្មុំ : ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ហួ តុលា អគ្គនាយករង មូលនិធីជាតិជំនួយសង្គម នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញបើកវគ្គ បណ្ដុះបណ្ដាលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ អំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីការអនុវត្តឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ជូនដល់មន្ត្រីជំនាញ ដើម្បីបង្កើនសមត្ថភាពបន្ថែម។
ថ្លែងនាឱកាសនោះ ឯកឧត្តម ហួ តុលា អគ្គនាយករង មូលនិធីជាតិជំនួយសង្គម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវកម្មវិធីថ្មី ក្នុងចំណោមកម្មវិធីជំនួយសង្គមផ្សេងទៀត នោះគឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ ងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ពិសេសក្នុងឆ្នាំ២០២២នេះ ផ្អែកតាមរបាយការណ៍របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ឃើញថាខេត្តត្បូងឃ្មុំ ជាខេត្តមួយដែលបានអនុវត្តការងារបានល្អ និងមានភាពលិចធ្លោ បើធៀបទៅនឹងក្របខណ្ឌទូទាំងប្រទេស ផ្អែកតាមសមិទ្ធផល វឌ្ឍនភាពជាច្រើន គួរឱ្យកត់សម្គាល់ហើយក៏ជាមោទនភាពដល់រដ្ឋបាលខេត្តត្បូងឃ្មុំផងដែរ។
ឯកឧត្តម បន្តថា ទន្ទឹមនោះមន្ទីរពាក់ព័ន្ធ បានធ្វើការសម្របសម្រួលដល់ដំណើរការនៃការអនុវត្តកម្មវិធី ទាំងតាមក្រុមតេឡេក្រាម ទូរស័ព្ទ និងការចុះមូលដ្ឋានផ្ទាល់ ដើម្បីពិនិត្យ និងឆ្លើយតបរាល់បញ្ហាផ្សេងៗ ដែលបានកើតមានពិសេសជាងនេះទៀតនោះ គឺមានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែម ដល់មន្ត្រីអនុវត្តកម្មវិធី តាមឃុំសង្កាត់ និងមណ្ឌលសុខភាព រៀងរាល់ព្រឹកថ្ងៃអាទិត្យ ដើម្បីឱ្យការអនុវត្តកម្មវិធីដំណើរការដោយរលូន ស្របតាមនីតិវិធី និងគោលការណ៍ណែនាំប្រកបដោយស័ក្ដិសិទ្ធិភាព និងទទួលបានប្រសិទ្ធិភាពខ្ពស់។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត ថ្លែងថា ៖ ការរៀបចំថ្ងៃនេះ ក៏បានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹងជំនាញ និងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីប្រតិបត្តិកម្មវិធីក្នុងការត្រៀមលក្ខណៈយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីថ្មីនេះ ឱ្យទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ឆ្លើយតប ទៅនឹងសុឆន្ទៈរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម អភិបាលរងខេត្ត បានបន្តថា ផ្អែកតាមការអនុវត្តកម្មវិធីរយៈពេលកន្លងមក មន្ត្រីក្រុង ស្រុក ឃុំ សង្កាត់ មូលដ្ឋានសុខាភិបាលសាធារណៈ ទទួលបានបទពិសោធន៍ និងការរៀនសូត្រជាច្រើន ដែលធ្វើឱ្យការអនុវត្តកម្មវិធីកាន់តែ មានប្រសិទ្ធភាព និងសម្រេចបានលទ្ធផលជាច្រើនគួរជាទីមោទនៈ។
ទន្ទឹមនឹងនេះ ក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលទាមទារឱ្យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងមន្ទីរផែនការខេត្ត បន្តចុះកែលម្អបន្ថែមទៀតពិសេសការគាំទ្រ និងការតាមដាន ត្រួតពិនិត្យ ដើម្បីពង្រឹងការអនុវត្តមុខងារ តួនាទី ភារកិច្ចឱ្យកាន់តែមានតម្លាភាពគណនេយ្យ និងសុក្រឹត្យភាពដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ ទាំងលក្ខណៈបច្ចេកទេស និងនយោបាយពិសេសការគ្រប់គ្រងករណីមួយដ៏សមស្រប និងមានភាពបទបែនលើគ្រប់ទិដ្ឋភាពសង្គម។
បើតាមរបាយការរបស់លោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឲ្យដឹងថា៖ នីតិវិធីនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ដោយទឹកជំនន់មានដូចជា ៖ ១. លក្ខខណ្ឌទទួលការឧបត្ថម្ភ ២. ការឧបត្ថម្ភ និងពេលវេលានៃការបើកផ្ដល់ ៣.ដំណើរការបើកផ្ដល់ប្រាក់ឧបត្ថម្ភ ការជូនដំណឹង និងការបើកផ្ដល់ដំណាក់ដំបូង ការបើកផ្ដល់ដំណាក់កាលបន្ទាប់ ៤.ការដោះស្រាយបណ្ដឹងតវ៉ារបស់អ្នកទទួលផល ៥. ការតាមដានត្រួតពិនិត្យការអនុវត្តកម្មវិធី ៦. កិច្ចសហការ និងយន្តការគាំទ្រការអនុវត្តកម្មវិធី។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកម្មវិធីជាតិជំនួយសង្គម ក្នុងនោះ ខេត្តត្បូងឃ្មុំ មានអ្នកទទួលផលពីកម្មវិធីជាតិជំនួយសង្គមសរុបជំនួន៩,២៣០នាក់ ចំណាយថវិកា៣,៩៥០លានរៀល និងកម្មវិធីឧបត្ថម្ភគ្រួសារក្រីក្រអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ ១៩ រហូតមកដល់បច្ចុប្បន្ននេះ ខេត្តត្បូងឃ្មុំមានគ្រូសារទទួលផលសរុបចំនួន៤១,១៧៥គ្រួសារ ដោយក្នុង១គ្រួសារគិតជាមធ្យមទទួលបានថវិការឧបត្ថម្ភចំនួន១,២០០ដុល្លាផងដែរ ៕ សុខ ផន