សាលាបឋមសិក្សាខ្នារប្រឡងជ្រើសរើសសិស្សពូកែប្រចាំកម្រង ដើម្បីលើកទឹកចិត្តសិស្សជាប់ចំណាត់ថ្នាក់មកពីតាមសាលានានាទូទាំងកម្រង

ត្បូងឃ្មុំ : សាលាបឋមសិក្សា ស ខេងខ្នារ បានរៀបចំប្រឡងសិស្សពូកែប្រចាំកម្រងខ្នារដោយមានការចូលរួមពីសិស្សថ្នាក់ទី ១ ដល់ទី៦ នៅក្នុងកម្រង ដែលសិស្សជាបេក្ខជនមកពី១៦ សាលាដើម្បីចូលរួមប្រឡងប្រជែងរកសិស្សដែលទទួលបានលេខ១ ដល់លេខ៥ នឹងទទួលស្គាល់ថាជាសិស្សពូកែប្រចាំកម្រង នាថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០២២ ។

បើតាមរបាយការណ៍របស់ លោក ហាក់ សុផល ប្រធានកម្រងខ្នារ បានបញ្ជាក់ថាមុខវិជ្ជាដែលត្រូវប្រឡងមានចំនួន៣ មុខវិជ្ជាដោយនៅវេលាម៉ោង ៧ និង ០០ នាទីព្រឹកគណៈកម្មការរៀបចំការប្រឡងបានដំណើរការប្រឡងនៅមុខវិជ្ជាទី ១ ដែលត្រូវប្រឡងគឺមុខវិជ្ជាភាសាខ្មែរ ដែលមានរយៈពេល ៧០ នាទី។ ហើយសិស្សានុសិស្សជាបេក្ខជនបានធ្វើកិច្ចការទៅតាមវេលាបានកំណត់ដោយគ្មានបញ្ហាណាមួយខុសប្រក្រតីឡើយ ។

រហូតដល់់ម៉ោង ៨ និង ២០ នាទីគណៈកម្មការបានចាប់ផ្តើមនូវមុខវិជ្ជាដែលត្រូវប្រឡងមួយទៀតគឺមុខវិជ្ជាតែងសេចក្តី ដែលមានរយៈពេល ៧០ នាទី ។ ហើយនៅម៉ោង ៩ និង ០០ នាទី ដំណើរការប្រឡងនូវមុខវិជ្ជាគណិតវិទ្យានិងចប់ការប្រឡង ។ ដោយសកម្មភាពនៃការប្រឡងរបស់សិស្ស គឺប្រព្រឹត្តទៅដោយរលូនទៅតាមការគ្រោងទុក គឺលោកគ្រូ អ្នកគ្រូបានចូលរួមទៅតាមភារកិច្ចរៀងៗ ខ្លួន ។

លោកប្រធានកម្រង បញ្ជាក់បន្តថានៅវេលាម៉ោង ១៣ និង០០ នាទីរសៀលគណៈកម្មការបានបែងចែកបំណែងចែកភារៈអំពីតួនាទីក្នុងដំណើរការកំណែនិងកែសន្លឹកកិច្ចការរហូតដល់ម៉ោង ១៤ និង០០ នាទីរសៀល ។ ហើយជាភារកិច្ចបន្តគណៈកម្មការបានរៀបចំប្រព័ន្ធកុំព្យូទ័រដើម្បីបូកសរុបលទ្ធផលដែលគណៈកម្មការកែសន្លឹកកិច្ចការបានកែនិងយកបញ្ចូលក្នុងប្រព័ន្ធដែលទទួលបានលទ្ធផលនៃការប្រឡងសិស្សពូកែប្រចាំកម្រងត្រឹមត្រូវ ។

លោក ហាក់ សុផល ប្រធានកម្រងខ្នារ បានបញ្ជាក់ទៀតថា ឈ្មោះសាលាដែលទទួលបានជ័យលាភី មានចំនួន ៧ សាលា ហើយសាលាដែលមិន បានជាប់ជ័យលាភីមានចំនួន ៧ សាលា ។

បើតាមការបញ្ជាក់ពីលោក ហេង ងួនចេង អនុប្រធានកម្រងខ្នារ បានបញ្ជាក់ដែរថា សិស្សដែលជាប់ចំណាត់ថ្នាក់ទទួលបានជ័យលាភីមានចំនួន ៣០ នាក់ ស្រីចំនួន ២១ នាក់ ។ ក្នុងនោះ សាលាសខេង ខ្នារ ចំនួន ២១ នាក់ ស្រីចំនួន ១៦ នាក់ ។ សាលាអង្គរជ័យ និងត្រពាំងដុំ ចំនួន ៣ នាក់ស្រី ១ នាក់ ។ សាលាត្រពាំងឈ្លូសចំនួន ១ នាក់ ។ សាលាតេជោសែន ត្បូងឃ្មុំចំនួន ១ នាក់ ។ សាលាកូនត្មាត ចំនួន ១ នាក់ ។ សាលាព្រៃកំពែងចំនួន ១ នាក់ ។ និងសាលាពោធិរោង និងត្រាចជាស៊ីម ចំនួន ២ នាក់ ។

លោកអនុប្រធានកម្រងបន្តថា សម្រាប់ការប្រឡងនេះធ្វើត្រឹមតែថ្នាក់កម្រងនោះទេ ហើយនឹងបន្តធ្វើជារៀងរាល់ឆ្នាំ ។ ដោយសិស្សដែលជាប់ចំណាត់ថ្នាក់ ទទួលបាន នូវសម្ភារៈសិក្សាមួយឈុត មានដូចជា កាតាប ១ ប៊ិច សៀវភៅ បន្ទាត់ ជាដើម ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង