រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី ៣ ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្រុកក្រូចឆ្មារ
( ត្បូងឃ្មុំ ): រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី ៣ នៅបរិវេណវិហាឥស្លាម ( ថ្មី ) ស្ថិតក្នុងភូមិអំពិល ឃុំប៉ឹស ១ ស្រុកក្រូចឆ្មារ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកពាងណារឹទ្ធ អភិបាលរងខេតត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ ។
វេទិកានេះធ្វើឡើងនាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២២២ ដោយមានការចូលរួម ពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ និងតំណាងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាច្រើននាក់ ផងដែរ ។
ថ្លែងនាឱកាសនោះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត គូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានបង្ហាញនូវតួនាទីក្រុមប្រឹក្សា ព្រមទាំង លទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន តាមរយៈ ការអនុវត្តសកម្មភាព ក្នុងរយៈពេលកន្លងមក ដើម្បី ឆ្លើយតបជាមួយម្ចាស់ឆ្នោត ជាពិសេស ប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ ។
ឯកឧត្តម បញ្ជាក់ដែរថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នា បានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានឆ្លើយនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលក្នុងខេត្ត ជាពិសេស ការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍខេត្ត ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ។
លើសពីនេះទៀតនោះ តាមរយៈ ការសម្របសម្រួលវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួម របស់ប្រជាពលរដ្ឋ យ៉ាងសកម្ម ក្នុងការលើកឡើងជាសំណើ សំណូមពរ កង្វល់ចំនួន ១២ ករណីត្រូវបានដោះស្រាយភ្លាមៗ បានចំនួន ១១ ករណីនៅសេសសល់ចំនួន ១ យកទៅពិភាក្សានៅថ្នាក់លើដើម្បីរកច្រកចេញបន្តទៀត ៕ សុខ ផន