ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាមអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកស្បៀងអាហាររបស់រាជរដ្ឋាភិបាលកម្ពុជា ជូនពលរដ្ឋ ក្រ១ និងក២ ចំនួន៤០០ គ្រួសារ និង៥៨គ្រួសារ ដែលរងផលប៉ះពាល់ដោយសារការបាក់ស្រុតច្រាំងទន្លេមេគង្គ ក្នុងស្រុកស្រីសន្ធ
កំពង់ចាម នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកស្បៀងអាហាររបស់រាជរដ្ឋាភិបាលកម្ពុជា ជូនពលរដ្ឋ ក្រ១ និងក២ ចំនួន៤០០ គ្រួសារ និង៥៨គ្រួសារ ដែលរងផលប៉ះពាល់ដោយសារការបាក់ស្រុតច្រាំងទន្លេមេគង្គ ក្នុងស្រុកស្រីសន្ធរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ព្រមទាំងឯកឧត្តម លូ គឹមឈន់ ប្រធានការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ធរ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ ប្រធានមន្ទីរជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក មេឃុំ យុវជន និងប្រជាពលរដ្ឋ៤៥៨គ្រួសារ និងមន្ត្រីជាច្រើនរូបទៀតផងដែរ នៅសាលាស្រុកស្រីសន្ធរ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យីម ឆៃលី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរពន់ពេក ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែមានក្តីបារម្ភនិងគិតគូរ ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ជនរងគ្រោះដោយមហន្តរាយផ្សេង ៗ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ជួយរំលែកទុក្ខ ព្រមដោះស្រាយទាន់ពេលវេលា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម បន្តថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានខិតខំគ្រប់លទ្ធភាព និងកៀរគរធនធានគ្រប់បែបយ៉ាង ដើម្បី ជួយដោះស្រាយជីវភាពរស់នៅ និងថែរក្សាសុខភាព ជូនដល់ប្រជាពលរដ្ឋយើង នៅគ្រប់ទីកន្លែងទាំងអស់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ។ ក្នុងនោះ រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តថា នឹងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយការអត់អាហារឡើយ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកថ្លែងអំណរគុណ ចំពោះ ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធ ទាំងអស់ ដែលបានគាំទ្រសម្តេចតេជោ ហ៊ុន សែន ជារៀងរហូតមក ពិសេស បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យឈ្នះលើសលុប ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅថ្មីៗនេះ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា សម្តេចតេជោ ហ៊ុន សែន គីជាបិតាសន្តិភាពនៅកម្ពុជា ជាស្នូល នៃការបង្រួបប្រួមជាតិ ជាស្នូល នៃការកសាង និងអភិវឌ្ឍជាតិ ជាជើងឯកក្នុងការប្រយុទ្ធនឹងជម្ងឺកូវីដ ១៩ តាមរយៈ យុទ្ធសាស្ត្រស្រោចវ៉ាក់សាំង នៅគ្រប់តំបន់ ទូទាំងប្រទេស ។ ហើយឆ្នាំនេះ កម្ពុជា ធ្វើជាប្រធានអាស៊ាន ដឹកនាំកិច្ចប្រជុំអន្តរជាតិធំៗ ប្រកបដោយជោគជ័យ ដែលបានផ្តល់នូវកិត្តិនាម កិត្តិស័ព្ទ ដ៏ប្រពៃ សម្រាប់ប្រជាជាតិខ្មែរ ដែលជាប្រភព ដ៏រឹងមាំ ក្នុងការពារ និងអភិវឌ្ឍជាតិ លើគ្រប់វិស័យ។
គួបញ្ចាក់ផងដែរថាអំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង៤០០ គ្រួសារ ក្នុង១ គ្រួសារទទួលបាន អង្ករ ២៥ គក្រ មី ១ កេស ត្រីខ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ទឹកស៊ីត្រី ១ យួរ ។ចំនែកអំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង៥៨គ្រួសារ បាក់ស្រុតច្រាំងក្នុង១គ្រួសារទទួលបាន អង្ករ ២៥ គ.ក្រ មី ១ កេស ត្រីខ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ទឹកស៊ីត្រី ១ យួរ តង់ ១ ថវិកា ៣០ម៉ឺនរៀល៕