រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី ៣ នៅបរិវេណវត្តបន្ទាយមៀន ហៅ ( វត្តមៀន ) ស្ថិតក្នុងភូមិបន្ទាយមៀន ឃុំមៀន ស្រុកអូរាំងឳ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត
ត្បូងឃ្មុំ : រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី ៣ នៅបរិវេណវត្តបន្ទាយមៀន ហៅ ( វត្តមៀន ) ក្នុងភូមិបន្ទាយមៀន ឃុំមៀន ស្រុកអូរាំងឳ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ។
វេទិកានេះធ្វើឡើងនាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ និងតំណាងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាច្រើននាក់ផងដែរ ។
ថ្លែងនាឱកាសនោះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត គូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានបង្ហាញនូវតួនាទីក្រុមប្រឹក្សា ព្រមទាំង លទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន តាមរយៈ ការអនុវត្តសកម្មភាព ក្នុងរយៈពេលកន្លងមក ដើម្បី ឆ្លើយតបជាមួយម្ចាស់ឆ្នោត ជាពិសេស ប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ ។
ឯកឧត្តម បញ្ជាក់ដែរថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នា បានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានឆ្លើយនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលក្នុងខេត្ត ជាពិសេស ការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍខេត្ត ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានអនុសាសន៍ក្រើនរំលឹកដល់លោកមេភូមិ មេឃ សូមកុំរពឹសដៃទៅសញ្ញេរឲ្យប្រជាពលរដ្ឋលក់ឬដោះដូរដីណា ដែលពាក់ព័ន្ធនឹងដីគម្របព្រៃលិចទឹក ឬដីបរិស្ថាន ដែលជាដីរបស់រដ្ឋឲ្យសោះ ដើម្បីជាសវាង និងការប្រឈមនឹងផ្លូវច្បាប់ ។
ឯកឧត្តមបន្តថា ឯកឧត្តមនឹងធ្វើការជួសជុលផ្លូវមួយខ្សែ ដែលជាផ្លូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយសារតែផ្លូវនេះខូចទ្រុតទ្រោមខ្លាំងដោយសារតែរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចាប់ពីស្រុកអូរាំងឳ ទៅដល់ជើងឡងក្រុងសួង ខេត្តត្បូងឃ្មុំ ដោយប្រើថវិការរដ្ឋបាលខេត្តត្បូងឃ្មុំផ្ទាល់ ។
ឯកឧត្តមបន្ថែមថា នៅដើមខែ ១ ឆ្នាំ ២០២៣ ខាងមុខនេះ ឯកឧត្តមនឹងចាប់សាងសង់ផ្លូវក្រាលកៅស៊ូចំនួន ៣ ខ្សែជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកអូរាំងឳនេះ ដោយឯកឧត្តមបានជួបពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ផ្លូវរួចហើយ ។
លើសពីនេះទៀតនោះ តាមរយៈ ការសម្របសម្រួលវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួម របស់ប្រជាពលរដ្ឋ យ៉ាងសកម្ម ក្នុងការលើកឡើងជាសំណើ សំណូមពរ កង្វល់ចំនួន ១៤ ករណីត្រូវបានដោះស្រាយភ្លាមៗ បានចំនួន ១៤ ករណី ៕ សុខ ផន